រដ្ឋមន្ត្រីការបរទេសអាេមរិក លោកស្រីហ៊ីលឡារី គ្លីនតុន គូសបញ្ជាក់កាលពីថ្ងៃទី៣ ធ្នូ ថា សហរដ្ឋអាមេរិកត្រៀមផ្តល់ជំនួយដល់អូស្ត្រាលីដែលរងការប៉ះពាល់ដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ បំផុត ។#ក្នុងសេចក្តីថ្លែងការណ៍មួយលោកស្រីហ៊ីលឡារី គ្លីនតុន គូសបញ្ជាក់ថា អូស្ត្រាលីគឺជាដៃគូសំខាន់មួយ និងជាមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក ហើយយើងត្រៀមផ្តល់ជំនួយ ។ លោកស្រីបន្តថា ក្នុងនាមរបស់ប្រធានាធិបតី លោកអូបាម៉ា និងរបស់ប្រជាជនអាមេរិក ខ្ញុំសូមសំដែងការចូលរួមរំលែកមរណទុក្ខចំពោះការបាត់បង់ជីវិតមនុស្ស និងការខូចខាតនៅរដ្ឋគ្វីនឡែន បណ្តាលមកពីទឹកជំនន់ ។ ស្ថានទូតរបស់យើងប្រចាំទីក្រុងកង់បេរ៉ា បានតាមដានសភាពការណ៍ហើយប្រាស្រ័យទាក់ទងជាមួយអាជ្ញាធរអូស្ត្រាលី ។#ម៉ាស៊ីនឃោសនាអូស្ត្រាលីរាយការណ៍ថា ទឹកជំនន់បណ្តាលឱ្យមនុស្សស្លាប់១០នាក់ ចាប់តាំងពីដំណាច់ខែវិច្ឆិកាមក ហើយបើយោងតាមការវាយតំលៃមុននេះរបស់ផ្នែកកសិកម្មគ្វីនឡែន ថា ការខូចខាតខាងផលិតកម្មកសិកម្មមានដល់ជាង១.០០០លានដុល្លារអូស្ត្រាលី ៕
