ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៣នេះ តំណាងមហាអយ្យការនៃសាលាឧទ្ធរណ៍ បានសម្រេចប្តូរបទចោទប្រកាន់ លើលោក ម៉ម សូណង់ដូ ពីបទឧក្រិដ្ឋ កុប្បកម្ម និងញុះញង់មកជាបទល្មើសព្រៃឈើវិញ តាមមាត្រា៩៧ ចំណុចទី៦ ដែលត្រូវជាប់ពន្ធនាគារ ពី៥-១០ឆ្នាំ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌-មាន ដើមអម្ពិល នៅល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៣ ថា ចៅក្រមសាលាឧទ្ធរណ៍ បានសម្រេចប្រកាសសាលដីកា លោក ម៉ម សូណង់ដូ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ហើយតំណាងមហាអយ្យការ បានសម្រេចប្តូរបទចោទប្រកាន់លើលោក ម៉ម សូណង់ដូ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែជាជាបទចោទប្រកាន់កម្រិតធ្ងន់ដដែល។
លោកបានបញ្ជាក់ថា “ ការចោទប្រកាន់ ពីការបង្កើតតំបន់អប្បគមន៍ ត្រូវបានទម្លាក់ចោល គេបានប្តូរបទចោទប្រកាន់ មកជាបទល្មើសព្រៃឈើ និងបទព្រហ្មទណ្ឌ ត្រង់មាត្រាទី២៨ ពីបទរារាំងអាជ្ញាធរ”។
សាលាឧទ្ធរណ៍ កាលពីនៅព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០១៣ បានបើកសវនាការ ជំនុំជម្រះលើករណីលោក ម៉ម សូណង់ដូ រួមជាមួយនឹងអ្នកភូមិ ជាប់ចោទផ្សេងទៀត បណ្តឹងចោទប្រកាន់ពីបទ ញុះញង់ឲ្យមានការបង្កើត តំបន់អបគមន៍ ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល