យោងតាមកាសែតឌឹណេស្សិននៅថ្ងៃទី១៦ មករា បានផ្សាយថា លោកប្រាវីត វង្សស៊ូវុន រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃ បានសំដែងការទុកចិត្តថា ពលរដ្ឋសៀម៥នាក់ដែលកំពុងជាប់ឃុំឃាំងក្នុងប្រទេសកម្ពុជា នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ ។ លោកប្រាវីត បានបង្ហាញពីការជឿជាក់ដូច្នេះក្រោយពីរូបលោកបានជួបពិភាក្សាជាមួយលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ។ ជាមួយគ្នានេះ លោកប្រាវីត បានទទូចឱ្យក្រុមអាវលឿងបន្ថយការពុះកញ្ជ្រោលរបស់ពួកគេ ហើយលោកបានច្រានចោលការអះអាងរបស់អ្នករិះគន់ដែលថា រូបលោកធ្វើព្រងើយចំពោះបញ្ហាពលរដ្ឋថៃ៧នាក់នោះ ។រដ្ឋមន្ត្រីការពារប្រទេសថៃរូបនេះថ្លែងថា រូបលោកបានពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជារួចហើយក្នុងការជួយពលរដ្ឋថៃទាំងនោះដែលកំព ុងប្រឈមមុខនឹងបញ្ហាច្បាប់នៃតុលាការកម្ពុជា ។ លោកប្រាវីត ថ្លែងទៀតថា «ខ្ញុំបានប្រាប់រដ្ឋមន្ត្រី ក្រសួងការពារជាតិកម្ពុជាថា សូមកុំព្រួយអំពីបញ្ហានេះ ។ ខ្ញុំគិតថា ពួកគេនឹងត្រូវដោះលែងក្នុងពេលឆាប់ៗខាងមុខ ។ ប៉ុន្តែលោកមិនបាននិយាយថា តើពួកគេ (ពលរដ្ឋសៀម៧នាក់) នឹងត្រូវអនុញ្ញាតឱ្យស្ថិតនៅក្រៅឃុំដោយការបង់ប្រាក់ធានា ឬករណីប្រឆាំងពួកគេត្រូវច្រានចោលដោយតុលាការកម្ពុជានោះទេ ៕