ភ្នំពេញ៖ ប្រជាពលរដ្ឋបាន ព្រួតវាយលើជន សង្ស័យម្នាក់ឲ្យរងរបួស សន្លប់ស្តូកស្តឹង ខណៈដែលរូបគេ បន្លំចូលក្នុងផ្ទះលេខ៣០៩ ដែលមានទីតាំងស្ថិត នៅផ្លូវ លេខ៣៨៨ កែង២០៥ ក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចំការមន កាលពីវេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣ បំណងចូលលួចទ្រព្យ សម្បត្តិ ក្នុងផ្ទះ ម្ចាស់ទីតាំងខាងលើ ហើយក៏ត្រូវម្ចាស់ មកពីធ្វើការវិញឃើញទាន់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើត ហេតុនោះ មកចោមរោមមើល និងបាននាំគ្នាព្រួតវាយយុវជន ដែលជាចោរ រហូតដល់សន្លប់។

តាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា មុន ពេលកើតហេតុ ជនសង្ស័យខាងលើនេះ បានលបលួចចូលទៅក្នុងទីតាំងផ្ទះខាងលើ ហើយបានឡើង ទៅជាន់ទី២ ដើម្បីពួនសម្ងំក្នុងបន្ទប់ ដោយរូបគេបានព្យាយាមកកាយរកមើលទ្រព្យសម្បត្តិនិងរបស់មានតម្លៃផ្សេងៗដែលមាននៅក្នុងបន្ទប់នោះ បំណងលួចយក ចេញមកខាងក្រៅ តែក៏ត្រូវម្ចាស់ផ្ទះដែលទើបតែចេញពីធ្វើការឡើងទៅឃើញ បានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ដល់អ្នកជិតខាងដែលរស់នៅក្បែរនោះ នាំគ្នាមកចោមរោមព្រួតវាយជនសង្ស័យឡើងទ្រោមខ្លួន រហូតដល់សន្លប់បាត់ស្មារតី បើកុំតែបានសមត្ថកិច្ចចុះមកអន្តរាគមន៍ទាន់ពេលវេលា និងនាំខ្លួនជនសង្ស័យ ទៅកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី២ ដើម្បីធ្វើការសាកសួរ និងដោះស្រាយតាមនីតិវិធីច្បាប់៕

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល