យោង​តាម​​​ការ​សិក្សា​​មួយចេញផ្សាយ​​កាលពី​ថ្ងៃទី​​​​​​១៣ មករា ថា ការខូចខាត​​ដោយសារ​សកម្ម​ភាព​ចោរសមុទ្រ​​សំរាប់​សេដ្ឋ​កិច្ចពិភព​លោក​​មានប្រមាណ​​ជា​ពី​៧ទៅ​​១២ពាន់លាន​ដ ុល្លារ​ក្នុងមួយឆ្នាំ ។ ពួកចោរ​សមុទ្រ​​ដែលធ្វើ​សកម្មភាព​ខ្លាំង​​តាម​ផ្លូវ​​នាវា​ចរណ៍​ក្នុង​​ដែនសមុទ្រ​​របស់​សូម៉ាលី ​ត្រូវបាន​គេ​យល់​ថា ​ជាអ្នក​​ទទួលខុសត្រូវ​​លើ​​​៩៥% ​នៃការ​​ខាត​បង់​​​ជា​សាកល ។ នេះ​ជាការ​​បញ្ជាក់​របស់​របាយការណ៍​​មួយ​រៀបចំ​ដោយ​​អ្នកស្រាវជ្រាវ​​មួយរបស់​ ONE EARTH FUTURE FOUNDATION ជាមជ្ឈ​មណ្ឌល​​មួយ​សិក្សា និង​វិភាគ​​មានមូលដ្ឋាន​​នៅ​សហរដ្ឋអាមេ​រិក ។ សកម្មភាព​ចោរសមុទ្រ​​​ដទៃៗទៀត ​កើត​មានក្នុង​ដែនទឹក​​​​នៃឈូង​សមុទ្រ ហ្គីណេ និង​នៅ​​ច្រក​​សមុទ្រ​​ម៉ាឡាកា ចន្លោះ​​ឥណ្ឌូណេស៊ី ​និង​ម៉ា​ឡេស៊ី ។ ចាប់តាំង​ពីឆ្នាំ​​​២០០៦ មក​មាន​ការ​វាយ​ប្រហារ​​ប្រមាណជា​​​១.៦០០​​លើករបស់​ពួកចោរ​សមុទ្រ​ត្រូវ​​បាន​ជំរឿន​ឃើញក្នុង​​ដែនទឹកនៃ​​ ពិភព​លោក​​ បណ្តាល​ឱ្យ​មនុស្សស្លាប់​​​យ៉ាង​តិច​​​៥៤​នាក់។ ​តំលៃ​បង់ខាត​សរុប​ត្រូវ​​​បន្ថែម​​ប្រាក់​លោះ​​សំរាប់​ការដោះលែង​​នាវា និង​បណ្តា​​សមាជិក​ក្រុម​​នាវិក ​​ប្រាក់​កំរៃ​​ទាមទារ​​​​ដោយ​បណ្តា​ក្រុម​ហ៊ុន​ធានារ៉ាប់រង ការប្តូរ​ផ្លូវ​ធ្វើ​​នាវា​ចរណ៍​​ក្នុង​សមុទ្រ​​​​ ការ​ចំណាយ​ខាង​កិច​្ចការពារ​​សន្តិសុខ​​ក្នុង​​នោះ​​មាន​​ការ​ល្បាត​​​របស់​កង​នាវា​ចម្បាំង ព្រម​ទាំង​​តំលៃបង់​​ឱ្យ​តុលាការ​​ ឬការ​បង់តំលៃ​​ដោយ​​​ប្រយោល​ទាំង​ឡាយ ។​#តំលៃ​សរុប​​នៃការ​​ខាតបង់​​ដោយ​សារ​ចោរ​សមុទ្រ​​​មានការកើនឡើង​​​គុណនឹង​​៥ ចាប់តាំង​ពី​ឆ្នាំ​​​២០០៥​មក ។ ការបង់ប្រាក់​​លោះ​គិតជា​​មធ្យម​​​ត្រឹមតែ​១៥០.០០០​​ដុល្លារ​​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​​២០០៥ តែក្នុង​ឆ្នាំ​​២០១០ ​ការបង់​ប្រាក់​លោះ​មាន​​​ដល់​​៥,៤​លានដុល្លារ ជាមួយនឹងការបង់​ប្រាក់​​លោះ​ច្រើន​​កំពូល​ដល់​​​៩,៥លាន​ដុល្លារ កាល​ពី​ខែ​វិច្ឆិ​កា​កន្លងមក​នេះ ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​​នាវា​ដឹក​ប្រេង​​​កូរ៉េ​ខាងត្បូង​មួយគ្រឿង ៕