ស្រ្តីជនជាតិចិន ដែលជាអ្នកគ្រប់គ្រងរោងចក្រថបវើល ក្នុងខណ្ឌមានជ័យ ត្រូវបានបញ្ជូនទៅ ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃច័ន្ទ បន្ទាប់ពីកម្មករចោទថា បានហែកព្រះ ឆាយាល័ក្ខណ៍របស់ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តមសីហនុ។
កាលពី ថ្ងៃច័ន្ទ កម្មករ-កម្មការនីរោងចក្រ ថបវើល នៅក្បាលកោះ ក្នុងខណ្ឌមានជ័យ ជាង១០០០នាក់ រួមទាំងប្រជាពលរដ្ឋប្រមាណជា ៥០០នាក់ប្រមូលផ្តុំគ្នានៅរោងចក្រថបវើល បង្ខំឲ្យអ្នកគ្រប់គ្រងរោងចក្រថបវើលជនជាតិចិនរូបនេះ កោរសក់កាន់ទុក្ខ និងសុំទោសព្រះមហាវីរក្សត្រ ព្រោះអ្នកគ្រប់គ្រងរូបនេះ បានហែក និងជាន់ព្រះឆាយាល័ក្ខណ៍របស់ព្រះមហាវីរក្សត្រ។

មន្រ្តីអង្កេតការសហជីពសេរីកម្មករ លោក យ៉ាន់ កែវពិសី មានប្រសាសន៍ថា រហូតមកដល់ពេលនេះ អ្នកគ្រប់គ្រងជនជាតិចិននេះ ត្រូវបានបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានចរចាជាមួយកម្មករ និងអាជ្ញាធរនៅសាលាខណ្ឌបរាជ័យ។ លោកថា អាជ្ញាធរបានឲ្យជនជាតិចិនរូបនោះ ថ្វាយបង្គំសូមអភ័យទោស ចំពោះព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គ នៅខាងមុខរោងចក្រ ៖ “ប៉ិនដល់ពេលចរចាគ្នាហ្នឹងអត់ត្រូវ យកចេញអត់រួច គេក៏រាយការណ៍ទៅខាងស្នងការហ្នឹង ហើយខាងស្នងការហ្នឹងក៏ចុះមក ហើយក្រោយពីមានការសុំទោសនៅពីមុខរោងចក្រហ្នឹងអីហើយ ខាងស្នងការហ្នឹងយកទៅស្នងការតែម្តង”។

ប្រធានក្រុម កម្មករ អ្នកស្រី សំ អ៊ិនស្រីយន់ មានប្រសាសន៍ថា រហូតមកដល់ពេលនេះ កម្មករទាំងអស់បានរំសាយ និងត្រឡប់ទៅផ្ទះវិញ តែអ្នកស្រីបន្តថា កម្មករនៅតែអះអាងថា ថ្ងៃស្អែកនេះ ពួកគេនឹងមិនធ្វើការនោះទេ គឺនៅរង់ចាំស្តាប់ដំណោះស្រាយពីការដាក់ទណ្ឌកម្មលើអ្នក គ្រប់គ្រងជនជាតិចិនរូបនោះ ជាមុនសិន។
អធិការនគរបាលខណ្ឌមានជ័យ លោក ហ៊ី ណាវិន បដិសេធអធិប្បាយ ដោយលោកគ្រាន់តែអះអាងថា ជនជាតិចិនរូបនោះ ត្រូវបានបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញរួចហើយ ៖ “អូហ្នឹងហើយ រឿងហ្នឹងយកទៅក្រុង នេះគ្រាន់តែកើតឡើងនៅហ្នឹង ឥឡូវបញ្ជូនទៅស្នងការ”។
ដោយ ៖ ចិន្ដា