(ភ្នំពេញ)៖ ក្នុងសង្គមខ្មែរ មានអំម្បូរជាតិសាសន៍ជាច្រើនបានរស់នៅលាយទ្បំជាមួយនិងខ្មែរ ហើយមានជាតិសាសន៍ខ្លះបានចាត់ទុកប្រទេសខ្មែរ ជាទឹកដីកំណើតរបស់ខ្លួន។ ក្នុងនោះជនជាតិចិនមានចំនួនច្រើនជាងគេ ដែលបានសម្របខ្លួនរស់នៅជាខ្មែរ ព្រមទំាងមានទំនាក់ទំនងជាមួយ និងប្រជាពលរដ្ឋខ្មែរយ៉ាងសុខសាន្ដបំផុត។ ដោយហេតុនេះទើបមានការលើកទ្បើងថា តើហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរ-ចិន រស់នៅជាមួយគ្នាយ៉ាងសុខសាន្ដ?
ឆ្លើយតប និងបញ្ហានេះលោក រត្ន័ សណ្ដាប់ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ បានបកស្រាយថា បើនិយាយពីទំនាក់ទំនងការទូតខ្មែរ-ចិន មានតំាងពីសម័យ បឋមកាលមកម្ល៉េះ។ ការដែលប្រជាពលរដ្ឋចិនជាច្រើនមកស្រុកខ្មែរនេះ គឺតាមរយៈការធ្វើអន្ដោប្រវេសន្ដតាមផ្លូវទឹក និងផ្លូវគោក តាមរយៈមេដឹកនំា ហើយខ្លះទៀត តាមរយៈខ្សែស្រទ្បាយ ព្រោះតែហេតុនេះហើយទើបមានពាក្យថា «ចិនរាប់ខ្សែខ្មែររាប់ជួរ» ហើយការដែលប្រជាពលរដ្ឋខ្មែរ-ចិន រស់នៅជាមួយគ្នាយ៉ាងសុខសាន្ដ ព្រោះជនជាតិចិនភៀសខ្លួនមកស្រុកខ្មែរនេះ គឺដើម្បីធ្វើជំនួញ ដោយយល់ថា ស្រុកខ្មែរងាយស្រួលក្នុងការរកស៊ី បានន័យថា «ទីណាមានចិនទីនោះមានជំនួញ» ព្រោះចិនមានទម្លាប់មួយគឺ ពុំសូវចូលចិត្ដកកូរកកាយក្នុងរឿងនយោបាយទេ។ ត្រង់នេះហើយជាលក្ខណៈពិសេសរបស់ជនជាតិចិន។
ជាក់ស្ដែងបច្ចុប្បន្នយើងឃើញថា សំបូរទៅដោយជនជាតិជាច្រើន ចូលមករកស៊ីធ្វើជំនួញក្នុងស្រុកខ្មែរ និងគោរពលើវប្បធម៌រៀងៗខ្លួន។ ប៉ុន្ដែក្នុងចំណោម ជនជាតិទំាងនោះ មានតែជនជាតិចិនទេ ដែលមានសភាពលេចធ្លោជាងគេ ដោយមានបើកជាភោជនីយដ្ឋានគ្រប់ទីកន្លែង ជាពិសេស វិនិយោគលើផ្នែកជំនួញពាណិជ្ជកម្ម ឧស្សាហកម្មធំៗ ជាដើម។
ស្ថិតត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ បានបន្ថែមថា ថ្វីត្បិតតែចិនពុំសូវមានឥទ្ធិពលមកលើផ្នែកសាសនា ទំនៀមក្សត្រ អក្សរសាស្រ្ដ ដូចឥណ្ឌាក៏ពិតមែន តែចិន មានឥទ្ធិពលក្នុងផ្នែកធ្វើជំនួញពាណិជ្ជកម្មតំាងពីសម័យបុរាណមកម្ល៉េះ គឺចិនបាននំាបច្ចេកទេសធ្វើភាជន៍ស្រទាប់រលោង និងសម្ភារៈរបស់របរប្រើប្រាស់ប្រចំាថ្ងៃ ហើយរបស់របរខ្លះទៀត បានបន្សល់រហូតដល់សព្វថ្ងៃ។ នេះបានសេចក្ដីថា ទំនាក់ទំនងខ្មែរ-ចិននៅសម័យបុរាណ មានសភាពផ្ទុយគ្នាស្រទ្បះពីឥណ្ឌាមកស្រុកខ្មែរ គឺត្រង់ចិនផ្ដោតអារម្មណ៍ខ្លំាងតែទៅលើវិស័យពាណិជ្ជកម្មតែប៉ុណ្ណោះ។
ដោយសារការធ្វើទំនាក់ទំនងការទូតតំាងពីសម័យបុរាណ និងជំនួញពាណិជ្ជកម្មជាមួយគ្នានេះ ជាហេតុនំាឲ្យវប្បធម៌ចិន បានសាយភាយយ៉ាងទូលំទូលាយ ក្នុងសង្គមខ្មែរ ព្រោះតែហេតុនេះ បានជាមកដល់សព្វថ្ងៃពាក្យខ្លះ ដែលខ្មែរនិយមប្រើប្រាស់ក្នុងការនិយាយ ឬហៅសម្គាល់វត្ថុអ្វីមួយ គឺជាពាក្យកំចីពីភាសាចិន និងបានក្លាយជាពាក្យក្នុងវប្បធម៌ខ្មែរ ដូចជាពាក្យ៖ តុ, កៅអី, ចង្កឹះ, តំាងយូ, គុយទាវ, មីសួ, មី, ស៊ីអ៊ីវ, យីហ៊ឺ, ចាខ្វៃ, ហាង, តៅ, ឆៃថាវ, ជីឆាយ, ចៀន, តម្លឹង, ជញ្ជីង, តៅ, អាវចិន ឬខោចិន សំណង់ស្ថាបត្យកម្មក្នុងការសាងសង់ផ្ទះសម្បែង ជាដើម។ល។ ជាក់ស្ដែងនៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ឆ្នាំ១៩០៤ដល់ឆ្នាំ១៩២៧ មានការសាងសង់ផ្ទះកាតំាងជាផ្ទះក្នុងផ្សារ ឬផ្ទះតៀមផ្ទាល់ដីដើម្បីលក់ទំនិញផ្សេងៗ ។
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរនិយមធ្វើផ្ទះកាតំាង ដោយអ្នកខ្លះធ្វើនៅផ្ទាល់ដីទ្បើងខ្ពស់មួយជាន់ ឬច្រើនជាន់ក៏មាន ដូចបទចម្រៀងលោក ស៊ិន ស៊ីសាមុតថា ផ្ទះប៉ិតមានហោណំាង ផ្ទះកាតំាងមានបីខ្នង ជាដើម។ នេះជាការសំយោគគ្នារវាងអារ្យធម៌ខ្មែរនិងចិន យ៉ាងប្រពៃបំផុត ដូចជាយើងឃើញក្នុង ប្រពៃណីបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យផ្សេងៗទៀតជាដើម គឺពួកគេតែងផ្សារភ្ជាប់ប្រពៃណីខ្មែរផង និងចិនផង ឬរវាងចិន និងម្ចាស់ស្រុក បង្កើតបានជាគ្រួសារកូនកាត់ខ្មែរ-ចិនទ្បើង ដោយរក្សានៅអត្ដសញ្ញាណជាតិរៀងៗខ្លួន។ អាចនិយាយបានថាខ្មែរ ជាតិសាសន៍មួយពូកែសំយោគជំនឿ សាសនា ប្រពៃណីនិងទំនៀមទំម្លាប់ ជាងគេលើលោក។
ដោយហេតុនេះហើយបានជាយើងឃើញថា នៅពេលដល់រដូវបុណ្យប្រពៃណីចិន មិនថាខ្មែរកាត់ចិន ឬកូនចៅចិនតែងប្រារព្វកិច្ចពិធីនីមួយៗយ៉ាងអ៊ូរអរបំផុត។ បច្ចុប្បន្នប្រពៃណីចិននៅស្រុកខ្មែរ បានរីកដុះដាលសឹងគ្រប់ផ្ទះខ្មែរ ដោយមិនគិតពីវណ្ណៈ ពណ៌សម្បុរស-ខ្មៅ ក្នុងការរស់នៅប្រកបដោយក្ដីសុខសាន្ដបំផុត។
ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ បានបន្ថែមទៀតថា ទំាងអស់នេះគឺកើតចេញមកពីកត្ដាគឺ៖ ទី១៖ មេដឹកនំា ទី២៖ សាសនា និងទី៣៖ ជនជាតិ ព្រោះខ្មែរ ជាជនជាតិមួយញញឹមរាក់ទាក់ និងពោលពេញដោយមនោសញ្ចេតនា និងការយោគយល់ អាធ្យាស្រ័យ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី