ភ្នំពេញៈ ផ្ទះគ្រូខ្មែរ ចេះទស្សទាយ មើលរាសី ត្រូវបានអគ្គិភ័យ ឆាបឆេះខ្ទេច រួចហើយរាលដាល ទៅឆេះផ្ទះ ដែលនៅជាប់ និងឆេះខ្ទេចមួយខ្នងទៀត រាបដល់ដី ម្ចាស់ផ្ទះ បានសន្និដ្ឋានថា ទុស្សេខ្សែភ្លើង ប៉ុន្តែ នគរបាល បាននិយាយថា មិនមែនបណ្តាលមកពី ទុស្សេខែ្សភ្លើងទេ ព្រោះឌីសង់ទ័រ មិនលោត ទោះបីយ៉ាងណា នគរបាល ថា ការសន្និដ្ឋាន នៅតែពុំច្បាស់លាស់ទាំងអស់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២៣ និង ៣០នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅក្នុង ភូមិមុខ បួន សង្កាត់ពន្សាំង ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

នគរបាលមូលដ្ឋាន ឲ្យដឹងថា ម្ចាស់ផ្ទះ ដែលរងការឆាបឆេះដំបូងគេ ត្រូវជាឪពុក ឈ្មោះ ស៊ែម ហុក អាយុ៥៧ ឆ្នាំ មានមុខរបរ ជាកសិករ និងជាគ្រូ ខ្មែរ ចេះទស្សទាយ និងស្តោះផ្លុំ នៅក្នុងភូមិកើតហេតុ រងការខូចខាតផ្ទះមួយខ្នង ឈើលើ ថ្មក្រោម ដែលមានទំហំ ៦ ម៉ែត្រ គុណ ១២ ម៉ែត្រ និងជន រងគ្រោះ ទី២ ត្រូវជាកូនមានឈ្មោះ ហុក សុខឃឿន ភេទស្រី អាយុ ៣១ ឆ្នាំ មានមុខរបរ ជាកសិករ រងការខូចខាត ផ្ទះឈើមួយខ្នង រាបដល់ដី ដែល មានទំហំ ៦ ម៉ែត្រ គុណនឹង ៨ ម៉ែត្រ សម្ភារៈដែលបាត់បង់ លុយឆេះអស់ ៥លានរៀលនិង១៥០០ដុល្លារ និងកូនស្រីលុយ ៥០ម៉ឺនរៀល ម៉ាស៊ីន ដេរ ១ គ្រឿង អង្ករមួយបាវផងដែរ ។

សាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ដោយសារតែគាត់ ជាគ្រូខ្មែរ គាត់តែងតែដុត ធូប និងទានជាប្រចាំ ហើយខណៈ កើត ហេតុ ក៏មិនដឹងថា មកពីមូលហេតុអ្វីច្បាស់លាស់នោះដែរ ប៉ុន្តែខណៈម្ចាស់កំពុងតែដេកសុខៗ ស្រាប់តែមានអណ្តាតភ្លើង ឆាបឆេះចេញពីកណ្តាលផ្ទះ យ៉ាងសន្ធោសន្ធៅ រហូតធ្វើឲ្យផ្ទះមួយខ្នង នៅសល់តែរងើកភ្លើងប៉ុណ្ណោះ ហើយក៏បានរាលដាល ទៅកាន់ផ្ទះកូនស្រីរបស់គាត់ នៅក្បែរនោះ ឆេះរាប ដល់ដីសល់តែរងើកភ្លើង និងផេះផងដូចគ្នា ។ ហើយសមត្ថកិច្ច ពុំអាចបញ្ចេញរថយន្ត ពន្លត់អគ្គិភ័យ ទៅជួយសង្គ្រោះបានឡើយ ដោយសារតែ សង្កាត់មួយនេះ នៅឆ្ងាយពេក ទំរាំទៅដល់ឆេះខ្ទេច ។ រីឯម្ចាស់ផ្ទះពីរនាក់ឪពុកនិងកូនបានត្រឹមតែអង្គុយមើលភ្លើងឆេះតែប៉ុណ្ណោះ ៕

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល