ភ្នំពេញ៖ ក្រុមក្មេង ទំនើងពីរក្រុម សង្ស័យសងសឹក គំនុំចាស់ បាននាំគ្នាបក្ខពួក មកជិះម៉ូតូដេញបាញ់ គ្នាទាំងព្រឹក នៅតាមផ្លូវលេខ១៨៤ ក្បែរប៉ុស្តិ៍ នគរបាលផ្សារថ្មីទី២ ខណ្ឌដូនពេញ បង្កឲ្យមានការ ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន តែពុំបណ្តាលឲ្យនរណាម្នាក់ រងរបួស ឫរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្នូរគ្រាប់កាំភ្លើងជាង១០គ្រាប់ត្រូវបាន ក្រុមក្មេងទំនើងបាញ់គ្នា ដូចរឿង ចិនហុងកុង កាលពីវេលាម៉ោងប្រមាណ ៨ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣នេះ សង្ស័យសងសឹកគំនុំចាស់់។ បើតាមសេចក្តីរាយការណ៍ ក្រោយពេលកើតហេតុ ខណៈភាគីម្ខាងទំនង បាញ់អស់គ្រាប់ បានភ្ជង់បុរសម្នាក់ ខណៈកំពុងជិះម៉ូតូ ម៉ាកសង់ប្រើប៊ិច ពាក់ស្លាកលេខភ្នំពេញ 1BI-1114 រួចហើយយកម៉ូតូនោះ ជិះគេចខ្លួន បាត់ទៅ ។
យ៉ាងណាក៏ដោយ ក្រុមក្មេងទំនើងទាំងនោះ បានបន្សល់ទុកម៉ូតូ មួយគ្រឿង នៅកន្លែងកើតហេតុ ម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-1297 ហើយត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវ តាមក្រោយ។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ច ដែលចុះទៅ ជួយអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុនោះ បានប្រមូល គ្រាប់កាទូសចំនួន១៣ គ្រាប់ដែល ក្រុមក្មេងទំនើងបានបាញ់គ្នាបន្សល់ទុក ។
នេះជាសកម្មភាព ក្រុមក្មេងទំនើង ដេញបាញ់គ្នាដូចរឿងចិនហុងកុង ម្តងទៀតហើយ និងត្រូវគេដឹងថា ក្រុមក្មេងទំនើងទាំងនោះ ជាកូនអស់លោកអ្នកធំ និងមានអំណាច ប៉ុន្តែប្រជាពលរដ្ឋ មានជំនឿយ៉ាងមុតមំាថា កម្លាំងនគរបាល ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងកម្លាំងអាវុធហត្ថ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង នឹងតាមចាប់ ក្រុមជនល្មើសទាំងនេះ ដែលបង្កការអុកឡុក នៅក្នុងសង្គម នាំឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាច ជាពិសេស ត្រូវអនុវត្ត ឲ្យបានតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន៕





ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល