អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា ក្រុមសិស្សសាលាក្មេងៗ ចំនួន ៥នាក់ ដែលសុទ្ធតែជាក្មេងប្រុស ត្រូវបានសម្ថកិច្ចប៉ូលីស ធ្វើការឃាត់ខ្លួន និងបញ្ឈប់សកម្មភាពពួកគេភ្លាមៗ ខណៈដែលពួគគេបានពាក់ស្បែងជើងកង់បួន ហើយបានតោងពីក្រោយរថយន្ដក្រុង ដោយមិនខ្លាចមានគ្រោះថា្នក់។

រៀងរ៉ាវនេះ បានកើតឡើងនៅក្នុងតំបន់ Dudley ទីក្រុង West Midlands ប្រទេសអង់គ្លេស។សម្ថកិច្ចប៉ូលីស បាននិយាយថា ក្មេងៗទាំងនោះ គឺមានអាយុប្រហែលជា ១២-១៥ឆ្នាំ បានស្លៀកពាក់ខោអាវបែបកីឡា និងទ្រនាប់ជើងកង់បួន តែមិនដឹងយ៉ាងម៉េច បានជានាំគ្នាមកតោងក្រោយរថយន្ដក្រុងទៅវិញ។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីឃាត់ខ្លួន និងបញ្ឈប់សកម្មភាពពួគគេ ប៉ូលីសមិនបានបញ្ជួនពួកគេទៅកាន់តុលាការទេ តែបានបញ្ជូនក្រុមក្មេងទាំងនេះ ទៅកាន់សមាគមន៍អប់រំក្មេងវិញ ស្របពេលប៉ូលីស ក៏នឹងអញ្ញើញមាតាបីតា របស់គេមកផងដែរ។ យ៉ាងនេះក្ដី ចូរអ្នកទាំងអស់គ្នា កុំព្យាយាមធ្វើបែបនេះអី៕
ដោយ៖ រដ្ឋាប្រភព៖ dailymail