(ទីក្រុងឡុងដ៍)៖ ក្រសួងការពារជាតិ របស់ចក្រភពអង់គ្លេស (MOD) បានប្រកាសពីឧបករណ៍ ទំហំប៉ុនកំប៉ុងទឹកក្រូច ដែលមានសមត្ថភាពការពារ យន្តហោះចម្បាំង ដែលមានតម្លៃរាប់រយលានដុល្លារ មិនឲ្យគេបាញ់ផ្ទុះនៅលើអាកាសបាន ហើយឧបករណ៍នេះ គ្រោងនឹងត្រូវដាក់ឲ្យធ្វើការសាកល្បង នៅក្នុងឆ្នាំ ២០១៦ នេះ។ នេះបើតាមការផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៦។
MOD បានចំណាយថវិកា ប្រមាណ ៣.៣ លានដុល្លារអាមេរិក សម្រាប់ផលិតនូវឧបករណ៍បញ្ជោតទំហំតូច ដែលនឹងជួយការពារយន្តហោះចម្បាំងគ្រប់ប្រភេទពីមីស៊ីល។ ម៉្យាងវិញទៀត បំពាក់ដោយប្រព័ន្ធបំភាន់ មីស៊ីលបែបទំនើប ឧបករណ៍បញ្ឆោតឈ្មោះ BriteCloud ដែលមានទំហំប៉ុនកំប៉ុងកូកាកូឡា ត្រូវបានគេរំពឹងថា នឹងមានប្រសិទ្ធភាពខ្ពស់ឆ្ងាយជាង បញ្ឆេះភ្លើង «Flare» ដែលកំពុងត្រូវបានប្រើប្រាស់ ក្នុងការការពារយន្តហោះចម្បាំង ពីមីស៊ីលដូចគ្នា។
ក្រសួងខាងលើ បានបន្តទៀតថា នៅពេលត្រូវបានបញ្ជូនចេញ ពីក្នុងយន្តហោះចម្បាំង ឧបករណ៍ BriteCloud នឹងបញ្ចេញប្រព័ន្ធរ៉ាដារបស់ខ្លួន រំខានដល់ប្រព័ន្ធនៅក្នុងមីស៊ីល ដែលត្រូវបានបាញ់សំដៅ មកកាន់យន្តហោះ ហើយដោយឡែកពីឡុត ក៏អាចប្រើប្រាស់ឧបករណ៍នេះ ដើម្បីបញ្ឆោតមីស៊ីល ទៅគោលដៅផ្សេងទៀត ដែលនឹងមិនបង្កជាគ្រោះថ្នាក់ ដល់ខ្លួនផងដែរ។
គួរបញ្ជាក់ថា ឧបករណ៍បញ្ឆោត BriteCould នឹងត្រូវដាក់ឲ្យប្រើសាកល្បង នៅក្នុងការហោះហើរជាមួយយន្តហោះចម្បាំង RAF Tornado នៅចុងឆ្នាំ២០១៦នេះ ហើយបើជោគជ័យ វាអាចនឹងត្រូវដាក់ប្រើប្រាស់ ជាផ្លូវការនៅឆ្នាំ២០១៧ខាងមុខ។ ដោយឡែក អ្វីដែលជាលក្ខណៈពិសេស របស់ឧបករណ៍បញ្ឆោតនេះ គឺវាមានទំហំតូច មិនដូចឧបករណ៍ពីមុនៗនោះទេ ហើយអាចបញ្ជូនចេញពី កន្លែងបាញ់ «Flare» ដោយមិនចាំបាច់កែច្នៃ យន្តហោះចម្បាំងនោះឡើយ៕
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង