(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានធ្វើការជេរប្រមាថទៀតហើយទៅកាន់ អន្តរជាតិ ដោយលើកនេះគឺត្រូវចំសហភាពអឺរ៉ុប ដោយសារតែលោកទទួលបាន ការថ្កោលទោសជាថ្មីទៀត ទៅលើប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន ដែលទើបតែបន្ថែមរយៈពេល ៦ខែទៀតនោះ។ នេះ បើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦។

/

នៅក្នុងបទបង្ហាញជាសាធារណៈនៅក្នុងទីក្រុងម៉ានីល ថ្ងៃពុធនេះ លោក Duterte បានសម្តែងនូវការខឹង សម្បារជាថ្មីទៀត ដោយលោកបានប្រើម្រាមដៃកណ្តាលចង្អុលឡើងលើ រួចនិយាយពាក្យថា «Fu...k You!» ទៅកាន់សភាពអឺរ៉ុប ដែលថ្កោលទោសចំពោះ «ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ដ៏ច្រើនសន្ធឹកសន្ធាប់ និង ការសម្លាប់រង្គាលជាច្រើនទៀតនៅទូទាំងប្រទេសហ្វីលីពីន»។

លោក Duterte បានលើកឡើងដូច្នេះថា «ខ្ញុំនិយាយទៅកាន់ពួកគេថា Fu...k You! អ្នកធ្វើបែបនេះ គឺកំពុងតែព្យាយាមលាងបាបរបស់អ្នកហើយ»។ គួរបញ្ជាក់ថាមេដឹកនាំហ្វីលីពីនរូបនេះ ក៏ធ្លាប់ជេរលោក បាន គីមូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក នូវពាក្យដ៏មិនគួរគប្បីបំផុតមួយចំនួនផងដែរ ក៏ព្រោះតែការរិះគន់ និងថ្កោលទោសមកលើ សកម្មភាព ដែលលោកកំពុងតែធ្វើ នៅក្នុងប្រទេសរបស់លោកនោះ៕

/

ប្រភព ៖ CNA