សេអ៊ូល៖ យោងតាមទីភ្នាក់ងារ ព័ត៌មានយុនហាប់ បានចេញផ្សាយ នៅថ្ងៃច័ន្ទ ទី០៨ ខែមេសា ឆ្នាំ ២០១៣ នេះថាមន្ត្រីប៉ូលិស របស់ប្រទេសកូរ៉េខាងត្បូង បានចេញប្រតិបត្តិ ការត្រួតពិនិត្យតាម រោងចក្រធំៗ ទាំងឡាយនៅ ក្នុងប្រទេស ដើម្បីត្រៀមទប់ទល់ទៅនឹង ការវាយប្រហារដោយ ភេរវកម្មណាមួយ ពីសំណាក់ប្រទេស កូរ៉េខាងជើង ដែលអាច កើតមានឡើង នៅក្នុងឧបទ្វីបកូរ៉េនេះ។
អគ្គស្នងការនៃទីភ្នាក់ងារប៉ូលិសជាតិ (NPA) លោក លី ស៊ុងបាន បានបញ្ជាឲ្យមានការ ត្រួតពិនិត្យ ចំពោះរោង ចក្រធំៗទាំងអស់ខាងលើនេះ ដើម្បីត្រៀមទប់ទល់ទៅនឹងស្ថាន ការណ៍នៅក្នុងតំបន់រវាងប្រទេសកូរ៉េទាំងពីរ ដែលកំពុងតែកើនឡើងឥតឈប់ឈរ ជាពិសេសចាប់ពីថ្ងៃទី១០ ខែមេសា ខាងមុខនេះតទៅ ដែលកូរ៉េខាងជើងបានប្រកាស ថាអាចនឹងមានសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើងផងដែរ។
គួរបញ្ជាក់ថា សង្គ្រាមនៅតំបន់ឧបទ្វីបកូរ៉េ អាចផ្ទុះឡើងគ្រប់ពេលវេលា ដោយសារតែ ពេលនេះ យន្តហោះ ចម្បាំង, កាំភ្លើងធំ, នាវាចម្បាំង, ខែលការពារមីស៊ីល ព្រមទាំង សព្វាវុធទំនើបៗ ផ្សេងៗទៀតត្រូវ បានភាគី ពាក់ព័ន្ធក្នុងសង្គ្រាមដូចជាអាមេរិក, កូរ៉េ ខាងត្បូង និង កូរ៉េខាងជើង បានត្រៀមរួចរាល់អស់ហើយ។
ដោយឡែកប្រទេសចិន ក៏ មានសេចក្តីរាយការណ៍មកថា បានត្រៀមសព្វាវុធតាមព្រំដែនរបស់ខ្លួនជាមួយកូរ៉េ ខាងជើង ផងដែរដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល