ភ្នំពេញ : ប្រជាពលរដ្ឋ សង្កាត់ស្ទឹងមានជ័យ ទទួលបានផ្លូវបេតុងថ្មី ៤ខ្សែទៀត ដែលជាខ្សែទី ១៩២-១៩៣-១៩៤ និង១៩៥។ ផ្លូវទាំង៤ខ្សែនេះមាន ប្រវែង សរុប៦៦០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅក្នុងភូមិទ្រា៣ បានចាប់ផ្តើម ស្ថាបនាចុងខែវិច្ឆិកា និងរួចរាល់នៅដំណាច់ខែធ្នូនេះ ក្នុងគំរោងថវិការ ចូលរួមរបស់ ប្រជាពលរដ្ឋរស់នៅសងខាង ផ្លូវ១០០ភាគរយ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលការស្ថាបនាផ្លូវនេះ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ លោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យបានឲ្យដឹងថា រាល់ ការធ្វើផ្លូវនីមួយៗ មន្ត្រីសាលា សង្កាត់ ក៏ដូចជាមេភូមិនីមួយៗ តែងតែចុះជាប់ និងតាមដានជាប់ជាប្រចាំ លើការអនុវត្តន៍ការងារ របស់ក្រុមហ៊ុន ធ្វើផ្លូវនីមួយៗ ជាពិសេស ត្រួតពិនិត្យលើការបច្ចេកទេស និងលើគុណភាព។ ក្នុង ឆ្នាំ២០១២ គិតត្រឹមខែធ្នូ នេះ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងស្ថាបនា និង ស្ថាបនាផ្លូវបេតុងរួច បានសរុបចំនួន៤៣ខ្សែ មានប្រវែង ជាង៩៩៣៥ម៉ែត្រ ក្នុងនោះផ្លូវដែល បានស្ថាបនា រួចមានចំនួន៤៣ខ្សែ និងកំពុងស្ថាប ផ្លូវបេតុងបន្តបន្ទាប់ ដែល បានស្ថាបនាក្នុងឆ្នាំ២០១២នេះ ក្នុងនោះមានផ្លូវដែលជាមូលនិធិសង្កាត់ឆ្នាំ២០១២ មាន៤ខ្សែ ផ្លូវជាជំនួយ១០០ភាគរយ របស់សាលារាជធានីភ្នំពេញ មានចំនួន៤ខ្សែ ផ្លូវ៥០បូក៥០ភាគរយ ចំនួន១៥ខ្សែ និងផ្លូវ១០០ភាគរយ របស់ប្រជាពលរដ្ឋមានចំនួន២០ខ្សែ។ ជាមួយគ្នានឹងការធ្វើផ្លូវបេតុង អាជ្ញាធរសង្កាត់ ក្នុងរយៈពេលដើមឆ្នាំ២០១២នេះ សំរេចរៀបចំដាក់ប្រព័ន្ធលូរ បានចំនួន៨ខ្សែ ប្រវែង២៣២២ម៉ែត្រ។
លោកចៅសង្កាត់បានឲ្យដឹងទៀតថា ក្នុងរយៈពេល២អាណត្តិក្រុម ប្រឹក្សាសង្កាត់កន្លងមកនេះ សង្កាត់ស្ទឹងមានជ័យសំរេចស្ថាបនាផ្លូវតូចធំ ក្នុងមូលដ្ឋាន បានចំនួន ១៨៤ខ្សែមានប្រវែងជាង៨០គ.ម។ បច្ចុប្បន្ននៅសល់ផ្លូវតូចធំ ចំនួន១៣៤ខ្សែទៀត មានប្រវែង ប្រមាណ២ពាន់ម៉ែត្រ ដែល សង្កាត់បន្តអនុវត្ត ក្នុងអាណត្តិទី៣នេះ ក៏ដូចជាអាណត្តិបន្តបន្ទាប់ ទៀត។
លោក សេង សាញ់ ក្នុងនាមអាជ្ញាធរមូលដ្ឋាន សង្កាត់ស្ទឹងមានជ័យ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សាលារាជធានីភ្នំពេញ និង សប្បុរសជននានា ដែលកន្លងមក ក៏ដូចជាក្នុង ពេលបច្ចុប្បន្ន តែងបានចូលរួម ជួយអភិវឌ្ឍន៍ផ្លូវថ្នល់ក្នុងសង្កាត់ ឲ្យមានការរីកចំរើន ជា ពិសេស ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចូលរួមនូវប្រាក់បដិភាគ និងរួមគ្នាចូលរួម ១០០ភាគរយក្នុងការអភិវឌ្ឍន៍ ផ្លូវបេតុងក្នុងសហគមន៍ របស់ខ្លួនតែម្តង៕





ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល