ភ្នំពេញ ៖ ប្រជាពលរដ្ឋ ជាច្រើននាក់ បានព័ទ្ធចាប់ និងវាយ ជនសង្ស័យ២នាក់ ស្ទើរស្លាប់ បន្ទាប់ពីជនសង្ស័យទាំងនេះ ធ្វើសកម្មភាពវាយប្លន់ ម៉ូតូស៊ុយស៊ូគីនិក មួយគ្រឿងពី២នាក់បន្តីប្រពន្ធវ័យក្មេង មិនបានសម្រេច កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ៦៨កែងផ្លូលេខ៤៥ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយពីជនសង្ស័យម្នាក់ បានស្គាល់គ្នា ជាមួយជនរងគ្រោះ ពេលទៅលេង ទៅកៀនស្វាយ ហើយនាំមកផឹកស៊ី និងដើរលេងនៅភ្នំពេញ ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះ ទូច រ៉ាស៊ី អាយុ២៣ឆ្នាំ ជាអ្នកលក់ដូរ ជាប្តី និងប្រពន្ធឈ្មោះ ជា វិមាន អាយុ១៨ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ និង ម៉ូតូម៉ាក ស៊ុយស៊ូគីនិក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BL-0392 ។ ចំណែក ជនសង្ស័យទី១ ឈ្មោះ លឹម ហេង អាយុ៣២ឆ្នាំ ស្នាក់នៅសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ និងឈ្មោះ ចាន់ សុធី អាយុ២២ឆ្នាំ។
ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួន(ជនរងគ្រោះ) បានស្គាល់ជនសង្ស័យឈ្មោះ ចាន់ ធី បាន២-៣ថ្ងៃ នៅកៀនស្វាយ ក្រោយពេលផឹកស៊ី ក៏រាប់អានគ្នា ទើបនៅថ្ងៃកើតហេតុ ជនសង្ស័យ បានហៅខ្លួនមកផឹកស៊ី នៅភ្នំពេញ ។
ជនរងគ្រោះ បានបន្តទៀតថា ក្រោយពីផឹកស៊ី នៅតាមហាងមួយចំនួន រួចហើយ ជនសង្ស័យ បាននាំជនរងគ្រោះ ទាំង២នាក់ ទៅកន្លែងកើតហេតុ ដោយប្រាប់ថា នឹងហៅមិត្តភក្តិម្នាក់ ទៀត ដើម្បីដើរលេងជាមួយគ្នា ពីព្រោះមានម៉ូតូមួយគ្រឿងទៀត។
ភ្លាមៗនោះ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ទៀតដើរឈ្មោះ លឹម ហេង មកដល់ក៏ធ្វើសកម្មភាព វាយបុរសជាប្តីប្លន់យកម៉ូតូតែម្តង ប៉ុន្តែហើយស្រ្តីជាប្រពន្ធ បានស្រែកឆោឡោរឡើង ក៏ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះព័ទ្ធចាប់ទាំង២ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ចាត់ការតាមផ្លូវច្បាប់៕



ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល