ជនជាតិវៀតណាមម្នាក់ កាលពីម្សិលមិញ បានដាក់ពាក្យប្ដឹងប្រឆាំងនឹងរាជរដ្ឋាភិបាលអង់គ្លេស ក្រោយពីជននេះ ត្រូវបានដកហូតសញ្ជាតិ ដោយសារជាប់ពាក់ព័ន្ធនឹងបណ្ដាញភេរវកម្មអន្តរ​ជាតិ al-Qaeda ។

/

បុរសដើមកំណើតវៀតណាម ដែលត្រូវបានគេហៅថា B2 នេះ យល់ថា ការសម្រេចដកហូតសញ្ជាតិរបស់គាត់ គឺជារឿងខុសច្បាប់អន្តរជាតិ ព្រោះថា ប្រការនេះ បណ្ដាលឱ្យគាត់ក្លាយជាមនុស្សគ្មានសញ្ជាតិ។ អំពីផ្នែកច្បាប់ ការដកហូតសញ្ជាតិនៃពលរដ្ឋរបស់ប្រទេសណាមួយ គឺជាបញ្ហាខុសច្បាប់។

ទំព័រ AFP ឱ្យដឹងថា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃអង់គ្លេស លោកស្រី Theresa May បានសម្រេចចិត្តបញ្ចប់សិទ្ធិជាពលរដ្ឋរបស់ B2 កាលពីឆ្នាំ ២០១១ ក្រោយពីស្ថាបនសន្តិសុខអង់គ្លេសរកឃើញថា ជននេះ ជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម។

/

ស្ថាបនសន្តិសុខអង់គ្លេសអះអាងថា B2 បានទទួលការហ្វឹកហាត់ពីក្រុមភេរវកម្ម al-Qaeda នៅឧបទ្វីប Arap។ ក្នុងឆ្នាំ ២០១០ ជននេះ បានធ្វើដំណើរទៅកាន់មូលដ្ឋានរបស់ក្រុមភេរវកម្ម នៅ Yemen ដែលគ្រប់គ្រងដោយអាចារ្យជនជាតិ Yemen ដើមកំណើតអាមេរិក  Anwar al-Awlaki ។

ក្រោយពីការតវ៉ាផ្នែកច្បាប់អស់រយៈពេល ៣ឆ្នាំ ចៅក្រមនៃតុលាការកំពូលនៅក្រុង London ក៏បានសម្រេចថា នឹងបើកសវនាការជុំនុំជម្រះលើពាក្យបណ្ដឹងរបស់ B2 ដែលនឹងត្រូវចំណាយពេល ២ថ្ងៃ ហើយការសម្រេចរបស់តុលាការ ក៏នឹងត្រូវបានប្រកាសភ្លាមៗនោះផងដែរ។

/

 លោកស្រី Theresa May

B2 កើតនៅវៀតណាម និងបានទៅកាន់ហុងកុង មុនពេលមកធ្វើជាជនភៀសខ្លួននៅអង់គ្លេស រួមជាមួយពុកម្ដាយ កាលពីឆ្នាំ ១៩៨៩ ដែលពេលនោះ ជននេះ មានអាយុ ១២ឆ្នាំ។ ក្រោយពីស្នាក់នៅអង់គ្លេសបាន ៦ឆ្នាំ B2 ក៏ទទួលបានសញ្ជាតិអង់គ្លេស។ អាយុ ២១ឆ្នាំ B2 ងាកមកកាន់សាសនាអ៊ីស្លាម ហើយធ្វើដំណើរទៅកាន់ Yemen នាឆ្នាំ ២០១០ ដែលក្រោយមក ក៏ត្រូវគេចោទប្រកាន់ និង​កាត់ទោសពីបទជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្ម al-Qaeda ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ BBC