កំពង់ធំ  ៖ កម្លាំងអាវុធហត្ថ ស្រុកស្ទោង ខេត្ដកំពង់ធំ កាលពីវេលា ម៉ោង ១០និង២០ នាទីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ បាន ឃាត់រថយន្ដឡង់រ៉ូវែ អត់ស្លាក លេខមួយ គ្រឿង ដែលលួចបន្លំដឹកទូរស័ព្ទ ម៉ាកសាំសុង ស៊េរីទំនើប ជិត១៥០០គ្រឿង ដែលនាំចូល អត់ពន្ធ ទំនងបន្ដមកចែកចាយ នៅក្នុងរាជធានី ភ្នំពេញ ។

មេបញ្ជាការអាវុធហត្ថ ស្រុកស្ទោង ខេត្ដ កំពង់ធំ លោកឃុន ប៊ុនហូរ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទថា លោកបានដឹកនាំកម្លាំង ស្ទាក់ចាប់រថយន្ដឡង់រ៉ូវែខាងលើនេះ ពេលកំពុងធ្វើ ដំណើរ តាម បណ្ដោយផ្លូវជាតិលេខ៦ ចេញពីខេត្ដសៀមរាប ហើយឆ្លងកាត់ស្រុកស្ទោង ដែលបានលួច ដឹក ទូរស័ព្ទម៉ាកសាំសុង ចំនួន១៤៨៣គ្រឿង ដែលគេចពន្ធ ។

លោកឃុន ប៊ុនហូរ បានបន្ដថា ក្នុងប្រតិ បត្ដិការស្ទាក់ចាប់រថយន្ដឡង់រ៉ូវែ ដឹកទូរស័ព្ទ សាំសុងគេចពន្ធ ខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់លោក ក៏បានឃាត់ខ្លួន ជនសង្ស័យ៣នាក់ ប៉ុន្ដែដោយមិនបានជាប់ ពាក់ព័ន្ធ និងមានការឯកភាពពីតំណាងអយ្យការផង នោះ បានសម្រេចអនុញ្ញាតឱ្យពួកគេត្រឡប់ទៅវិញ ។

សម្រាប់រថយន្ដឡង់រ៉ូវ៉ែ និងទូរស័ព្ទដៃ ម៉ាកសាំសុង ១៤៨៣គ្រឿង ត្រូវបានមេបញ្ជាការអាវុធហត្ថរូបនេះ បញ្ជាក់ថា បានប្រគល់ឱ្យ ខាងកម្លាំងគយ យកទៅ ចាត់ការតាមផ្លូវច្បាប់៕

width=500

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល