រថយន្តម៉ាកឡង់គ្រីស័រ១គ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2J-9352 និងគេហដ្ឋាន១ខ្នងទៀតរបស់លោក នេត វត្ថា ប្រធានការិយាល័យបង្ការនិងពន្លត់អគិ្គភ័យនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ត្រូវរថយន្ត១គ្រឿង ពណ៌ត្រួយចេក ពាក់ស្លាកលេខ ព្រះសីហនុ 3A-0603 បុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

តាម សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា គេហដ្ឋានរបស់លោក នេត វត្ថា ដែលរងការខូចខាត ស្ថិតនៅផ្ទះលេខ៣៥Bផ្លូវលេខ៣៨៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ចំណែករថយន្ដបង្កហេតុ គឺជារថយន្ដរបស់ឃ្លាំងស្តុកទំនិញរបស់យាយញាប់ ស្ថិតនៅទល់មុខគេហដ្ឋានលោក នេត វត្ថា គឺឃ្លាំងលេខ៤៦ ។
ប្រភព ពីសាក្សីដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញរថយន្តធុនធំបានចតនៅមុខឃ្លាំងស្តុកទំនិញ របស់យាយញាប់ហើយបានលើកទំនិញដាក់ពេញរថយន្តរួចបើកចេញ ស្រាប់តែជ្រុលទៅបុករថយន្តនិងគេហដ្ឋានរបស់លោក នេត វត្ថា ដែលចតនៅមុខគេហដ្ឋានពេញទំហឹង ។

តាម ក្រុមគ្រួសារសាច់ញាតិរបស់លោក នេត វត្ថា សុំមិនបញ្ចេញឈ្មោះ ថ្លែងថា កន្លងទៅរថយន្តដឹកទំនិញរបស់យាយញាប់ខាងលើនេះ តែងតែបង្កគ្រោះថ្នាក់ ពោលគឺបានបើកបុករថយន្តនិងផ្ទះរបស់លោកមិនតិចដងឡើយ ហើយលើកនេះបានបង្កហេតុជាថ្មីនិងរងការខូចខាតយ៉ាងធ្ងន់ធ្ងរទៀតផង ។
ក្រោយ កើតហេតុភាគីទាំង២បានកំពុងដោះស្រាយគ្នាតាមរយៈម្ចាស់ឃ្លាំងដោយ យល់ព្រមសងនិងជួសជុលការខូចខាតទាំងស្រុងឲ្យលោក នេត វត្ថា៕
ដោយ ៖ វិសាលប្រភព ៖ NV