ភ្នំពេញៈ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ នៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ បានធ្វើសន្និសីទ បង្ហាញមុខក្រុមចោរ ប្លន់ម៉ូតូស្កុបពី ដ៏សកម្មក្នុងរាជធានីចំនួន៧នាក់ បន្ទាប់ពីក្រុមនេះបាន ធ្វើសកម្មភាព វាយប្លន់ ជនរងគ្រោះម្នាក់ មិនបានសម្រេច ហើយត្រូវឃាត់ខ្លួនបាន២នាក់ភ្លាម និងធ្វើការស្រាវជ្រាវ ចាប់បាន៤នាក់ ក្នុងនោះស្រី២នាក់ ដែលជាសង្សារបស់ពួកគេ នៅក្នុងផ្ទះសំណាក់ ដែលពួកគេស្នាក់នៅ ។ ពិធីធ្វើឡើងដោយលោក ប៊ន សំអាត អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ។
លោក ប៊ន សំអាត បានមានប្រសាសន៍ថា ការឃាត់ក្រុមទាំងនេះបាន ភ្លាមៗនោះគឺដោយសារតែ មានការណែនាំ និងចង្អុលបង្ហាញ ពីលោកស្នងការរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងតឹងរឹង សន្តិសុខសុវត្ថិភាព នៅក្នុងមូលដ្ឋាន របស់ខ្លួន ទើបលោកបានឲ្យកម្លាំង របស់លោក ខិតខំដើរល្បាត នៅក្នុងមូលដ្ឋានគ្រប់ទៅកន្លែងមិនថាយប់ ឬថ្ងៃនោះទេ ទើបហេតុការកើតមានភ្លាម ដេញតាមបង្រ្កាបបានភ្លាម បែបនេះ ។
លោកបានបន្តទៀតថា ក្រុមទាំងនេះគឺជាក្រុមចោរប្លន់ ដ៏សកម្មនៅក្នុងរាជធានី ធ្វើឲ្យប្រជាពលរដ្ឋ ខ្លាចរអាដោយសារតែ សកម្មភាពវាយប្លន់ដ៏មិនញញើតដៃនោះ ហើយប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនរងគ្រោះ ដោយសារពួកគេខ្លះអាចបាត់បង់ជីវិត និងខ្លះរងរបួសធ្ងន់ ធ្វើឲ្យប្រជាពលរដ្ឋខាតបង់ថវិកាមិនតិចនោះទេ ។
លោកបានបន្តថា ជនសង្ស័យមួយក្រុមនេះមុនបានចេញដើរប្លន់ ហើយគេបានទៅសម្ងំប្រើប្រាស់ ថ្នាំញៀននៅក្នុងផ្ទះសំណាក់ ដែលពួកគេស្នាក់នៅ រួចចេញដើរធ្វើសកម្មភាពតែម្តង ដោយពួកគេ ធ្វើសកម្មភាព វាយប្លន់នៅក្នុងទឹកដី ទួលគោក បានចំនួន៥លើក និងនៅក្នុងទឹកដីខណ្ឌសែនសុខ បានចំនួន២លើក ហើយនៅទឹកដី ខណ្ឌចំការមនចំនួន២លើក។ ប៉ុន្តែត្រូវអស់លក្ខ ពេលចូលមកប្លន់ នៅក្នុងទឹកដីខណ្ឌពោធិ៍ សែនជ័យ ត្រូវឃាត់ខ្លួនបានភ្លាមៗ និងឈានទៅឃាត់ខ្លួន បក្ខពួកគេបាន៤នាក់ បន្ថែមទៀត ។
លោកបន្តថា លោកសូមអរគុណដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានការសហការល្អជាមួយសមត្ថកិច្ច ធ្វើឲ្យជនសង្ស័យពិបាកក្នុងការរត់គេចខ្លួន ជាក់ស្តែងដូចយប់ ថ្ងៃកើតហេតុខណៈជនសង្ស័យ ២នាក់ និងបក្ខពួកម្នាក់ ធ្វើសកម្មភាពវាយប្លន់ជនរងគ្រោះម្នាក់ ត្រូវបានប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ បានភ្លាមៗ។
លោកបានបន្តថា ជនសង្ស័យទី១ឈ្មោះ សួន លីន ហៅគួយអាយុ២៣ឆ្នាំ មានមុខរបរជា អ្នករត់ម៉ូតូឌុប ទី២ឈ្មោះ សួន សិលា ភេទប្រុសអាយុ២៣ឆ្នាំ មានមុខរបរជាជាងសំណង់ ទី៣ឈ្មោះ រិទ្ធិ ស៊ីថា ហៅខ្លឹង ភេទប្រុសអាយុ១៥ ឆ្នាំមានមុខរបរមិនពិតប្រាកដ ទី៤ឈ្មោះ ភក្តី ចាន់ណា ហៅមាន់ អាយុ១៩ឆ្នាំមានមុខរបរ ទី៥ឈ្មោះ អេង រតនា ហៅស្រីណា ភេទស្រីអាយុ២៤ឆ្នាំ មានមុខរបរជាបុគ្គលិកខារ៉ាអូខេ ញូស្តារ ទី៦ឈ្មោះ មាស ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ និងទី៧ឈ្មោះ ភី ភារម្យ ហៅឈីត ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរមិន ពិតប្រាកដ អ្នកទាំង៧នាក់ស្នាក់ ក្នុងផ្ទះជួលក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ បន្ទាប់ពីឃាត់ខ្លួនធ្វើការ ដកហូតម៉ូតូម៉ាកស្កុបពី ចំនួន៣គ្រឿង និងអាយខុនចំនួន១ គ្រឿងផងដែរ ។
លោកបានបន្ថែមថា នេះគឺជាការជួយកាត់បន្ថយភាព អសន្តិសុខនៅក្នុងរាជធានីបានមួយកំរិតធំ ហើយក្រុមទាំង នេះបើយើងបង្រ្កាប មិនទាន់ពេលវេលាទេនោះ គឺវានឹងរីករាលដាយដូចដំបៅមហារីកអីចឹង ដូច្នេះនេះគឺជា ជោគជ័យ ដ៏ធំមួយសម្រាប់កម្លាំងរបស់លោក៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល