ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌទួល គោក កម្លាំងនគរបាល ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងកម្លាំង នគរបាល ប្រឆាំងការជួញដូរគ្រឿងញៀន រាជធានីភ្នំ ពេញ ប្រមាណ ៥០នាក់ បាននាំគ្នាផ្អើល និងទៅឡោមព័ទ្ធ ផ្ទះសំណាក់ ចរិយា ដែលមាន ទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវ ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បន្ទាប់ ពីទទួលព័ត៌មានថា មានករណីបង្ខំឱ្យនារី ម្នាក់សេពគ្រឿងញៀននៅទីនោះ ប៉ុន្ដែធាតុពិត គឺជាព័ត៌មានបំផ្លើស ប៉ុណ្ណោះ ។

ការភ្ញាក់ផ្អើល អស់កម្លាំងនគរបាលខាង លើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៣ ក្រោយពីវិទ្យុ ABC បានសម្ភាសន៍ជាមួយនារីម្នាក់ ដោយនារីរូប នោះនិយាយថា នៅផ្ទះសំណាក់ចរិយា ដែល មានទីតាំងនៅចំណុចកើតហេតុខាងលើ មានករណីបង្ខំឱ្យសេព និងប្រើប្រាស់គ្រឿងញៀន ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលដែល ចូលរួមក្នុងប្រតិបត្ដិការឡោមព័ទ្ធផ្ទះ សំណាក់ចរិយាខាងលើនេះ បានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីនារីម្នាក់នេះ តាមរយៈការចាក់ផ្សាយរបស់វិទ្យុ ABC រួចមក ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងរងនគរបាល បែន រ័ត្ន បានបញ្ជាឱ្យកម្លាំងនគរបាល ការិយាល័យ ប្រឆាំងការជួញដូរមនុស្សដឹកនាំដោយលោក កែវ ធា ជាប្រធាន កម្លាំងនគរបាល ប្រឆាំងការជួញដូរគ្រឿងញៀន ដឹកនាំដោយលោក សោម មុនី និងកម្លាំង នគរបាល ខណ្ឌទួលគោក ចុះទៅឆែកឆេរ និងត្រួតពិនិត្យបញ្ហានេះជាបន្ទាន់ ប៉ុន្ដែធាតុ ពិត ក្រោយពីចុះទៅគឺគ្មានអ្វីសោះឡើយ ដូច្នេះវាជារឿងប្រឌិត ដែលធ្វើឱ្យមានការ ភ័ន្ដច្រឡំ និងជាការបំប៉ោងព័ត៌មានតែ ប៉ុណ្ណោះ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចដដែលបាន ឱ្យដឹងទៀតថា នៅពេលសមត្ថកិច្ចចុះទៅ ឡោមព័ទ្ធនោះ ត្រូវបានច្បាស់ផ្ទះសំណាក់បដិសេធថា ពុំមានករណីបង្ខំឱ្យសេពគ្រឿង ញៀននោះឡើយ ប៉ុន្ដែ កាលពីប៉ុន្មានថ្ងៃ មុននេះ មាននារីវ័យក្មេងម្នាក់ ដែលមិនស្គាល់អត្ដសញ្ញាណ បានមកដេកផ្ទះសំណាក់ ជាមួយបុរសម្នាក់ ។ ម្ចាស់ផ្ទះសំណាក់បានបំភ្លឺប្រាប់សមត្ថកិច្ចថា បន្ទាប់ពីចូលគេងហើយបុរសរូបនោះបានចេញទៅមុនទុកឱ្យ នារីវ័យក្មេងរូបនេះនៅម្នាក់ឯង ហើយនារីរូបនេះ ប្រហែលជាអត់មានលុយនៅក្នុង ហោប៉ៅ ក៏បានខ្ចីទូរស័ព្ទពីម្ចាស់ផ្ទះសំណាក់ ទូរស័ព្ទទៅរកបងប្អូន ដែលនាងអះអាងថា ធ្វើការនៅវិទ្យុ ABC ។ ក្រោយពីទូរស័ព្ទរួចហើយ និងដោយមានការអាណិតអាសូរ ម្ចាស់ផ្ទះសំណាក់ ចរិយា បានឱ្យលុយចំនួន ២ម៉ឺនរៀល ទៅឱ្យនារីរូបនេះដើម្បីជិះម៉ូតូ ឌុបទៅកាន់ស្ថានីយ៍វិទ្យុ ABC បន្ទាប់មក ស្រាប់តែនាងនិយាយ តាមវិទ្យុ ABC ដោយ ចោទប្រកាន់ថា នៅផ្ទះខាងលើមានករណី បង្ខំឱ្យសេពគ្រឿងញៀន ធ្វើឱ្យផ្អើលអស់ សមត្ថកិច្ចនគរបាល ស្ទើរពាក់កណ្ដាលរាជ ធានីភ្នំពេញ នាំគ្នាចុះទៅឡោមព័ទ្ធនៅផ្ទះ សំណាក់មួយនេះ ។

ប្រធានការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន លោកវរ សេនីយ៍ទោ កែវ ធា នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៣ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា តាមពិតរឿងនេះ ជាការបំប៉ោងព័ត៌មាននិង បំផ្លើសការពិត ។

បើតាមលោក កែវ ធា បន្ទាប់ពីទទួល ការបំភ្លឺពីម្ចាស់ផ្ទះសំណាក់ គឺនារីដែលមិន ស្គាល់អត្ដសញ្ញាណរូបនេះ ត្រូវបានបុរសម្នាក់ យកទម្លាក់ចោល នៅផ្ទះសំណាក់ ហើយក៏ចេញបាត់ទៅ រួចហើយរូបនាងក៏ទៅនិយាយព័ត៌មានបំប៉ោងការពិត ប្រាប់ វិទ្យុ ABC តែម្ដងទៅ ។

ជាមួយការបំប៉ោងសភាពការណ៍ខាង លើនេះ លោក កែវ ធា បានអំពាវនាវឱ្យ ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច ពោលមិនត្រូវផ្ដល់ព័ត៌មានណា ដែលផ្ទុយពីការពិត នាំឱ្យមានភាពចលាចល នៅក្នុងសង្គមនោះ ឡើយ ៕

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល