ពលរដ្ឋថៃនៅទល់ដែនប្រមាណ១.៥០០នាក់មកពីស្រុកចំនួន៤ នៅខេត្តស្រះកែវ ជាប់តំបន់ព្រំដែនកម្ពុជា-ថៃ បានប្រមូលផ្តុំគ្នានៅបរិវេណទល់មុខសាលាស្រុកអារញ្ញ ដើម្បីធ្វើបាតុកម្មប្រឆាំងបណ្តាញអ្នកស្នេហាជាតិថៃ ឬក្រុមអាវលឿង ដែលគំរាមធ្វើដំណើរមកកាន់ស្រុកអារញ្ញ ហើយធ្វើបាតុកម្មឱ្យបិទច្រកឆ្លងកាត់ព្រំដែនអារញ្ញ-ប៉ោយប៉ែត ។ អ្នកភូមិទល់ដែនថៃទាំងនោះនិយាយថា ការទទួលខុសត្រូវចំពោះការជួយពលរដ្ឋថៃ៧នាក់ដែលកំពុងជាប់ឃុំឃាំងនៅគុកព្រៃ.សក្នុងប្រ ទេសកម្ពុជាគឺស្ថិតលើរដ្ឋាភិបាល និងក្រសួងការបរទេស ប៉ុណ្ណោះ មិនមែនស្ថិតលើក្រុមអាវលឿងស្អីនោះទេ និងជាពិសេសគឺស្ថិតលើទិដ្ឋភាពច្បាប់ ។ អ្នកដែលរស់នៅតាមបណ្តោយព្រំដែនថៃនឹងប្រឈមមុខនឹងគ្រោះថ្នាក់សេដ្ឋកិច្ច ឬគ្រោះថ្នាក់ផ្សេងទៀត ប្រសិនបើក្រុមអាវលឿងធ្វើបាតុកម្មនៅតំបន់ព្រំដែន ។##ជាមួយគ្នានេះ នាយប៉ូលិសខេត្តស្រះកែវ លោក Theerayuth Thammasaroj បានបញ្ជាឱ្យប៉ូលិសនៅស្រុកជាប់ព្រំដែនចំនួន៤បង្កើតប៉ុស្តិ៍ឆែកឆេរ ដើម្បីឆែកឆេររថយន្តចេញ-ចូលតំបន់ព្រំដែនក្រែងមានលាក់អាវុធបង្កភាពអសន្តិសុខ ។ បញ្ជីឈ្មោះសមាជិកបណ្តាញអ្នកស្នេហាជាតិថៃ និងស្លាកលេខរថយន្តរបស់ក្រុមនេះត្រូវបានចែកជូនទៅឱ្យប៉ូលិសដែលឈរជើងនៅតាមប៉ុស្តិ៍ឆែក ឆេរក្នុងទឹកដីខ្លងឡឹក ឬក្នុងស្រុកអារញ្ញទាំងមូល ដើម្បីបង្កលក្ខណៈងាយស្រួលផ្នែកសណ្តាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យវាស្ថិតក្នុងភាពជាប្រក្រតី ។##ចំណែកលោកស៊ូថេប ធឿកស៊ូបាន់ ឧបនាយករដ្ឋមន្ត្រីថៃឯណោះវិញ កាលពីព្រឹកថ្ងៃទី១៣ មករា ដដែល បានថ្លែងផងដែរថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកអាប់ភីស៊ីត វេចាជីវ៉ា នឹងមិនអនុញ្ញាតឱ្យបណ្តាញអ្នកស្នេហាជាតិថៃ ឬក្រុមអាវលឿងនោះបិទប៉ុស្តិ៍ឆែកឆេរព្រំដែនសំខាន់ៗ នៅស្រុកអារញ្ញខេត្តស្រះកែវឡើយ ព្រោះការបិទប៉ុស្តិ៍ឆែកឆេរព្រំដែននេះជាការរំលោភបំពានសិទ្ធិពលរដ្ឋថៃផ្សេងទៀតដែលរស់នៅ តាមបណ្តោយព្រំដែន។ ឧបនាយករដ្ឋមន្ត្រីថៃរូបនេះបានបញ្ជាឱ្យអាជ្ញាធរនៅតំបន់ព្រំដែនបំពេញតួនាទីរៀងខ្លួនដ ូចធម្មតា ។##ដោយឡែក នៅព្រឹកថ្ងៃទី១៣ មករា ផងដែរ ក្រុមជ្រុលនិយមអាវលឿងសៀមបានទៅប្រមូលផ្តុំគ្នានៅបរិវេណទល់មុខវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក ដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត ឆ្លើយតបតាមការទាមទាររបស់ពួកគេទាក់ទិននឹងពលរដ្ឋថៃ៧នាក់ ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃ.ស ក្នុងរាជធានីភ្នំពេញ ។ ក្រុមជ្រុលនិយមនេះ ក៏មានផែនការដាក់ញត្តិថ្វាយព្រះមហាក្សត្រភូមិបុល អាឌុលយ៉ាដេត ចោទ ប្រកាន់រដ្ឋាភិបាលលោកអាប់ភីស៊ីត ពីបទបរាជ័យក្នុងការជួយពលរដ្ឋថៃ៧នាក់នោះ ។##លោក Chaiwat Sinsuwong មេដឹកនាំសំខាន់មួយរូបរបស់បណ្តាញអ្នកស្នេហាជាតិថៃ ក្រុមអាវលឿង កាលពីថ្ងៃទី១២ មករា និយាយថា ក្រុមរបស់ខ្លួននឹងធ្វើបាតុកម្មបិទច្រកព្រំដែនអចិន្ត្រៃយ៍អារញ្ញ-ប៉ោយប៉ែត ជាពិសេសបិទច្រកព្រំដែនណាដែលផ្តល់ផលប៉ះពាល់ដល់កម្ពុជា ដើម្បីគាបសង្កត់កម្ពុជាឱ្យដោះលែងពលរដ្ឋថៃ៧នាក់នេះ ។ ប៉ុន្តែទោះបីបែបណា គំរោងរបស់ក្រុមជ្រុលនិយមនេះនឹងត្រូវបរាជ័យយ៉ាងអាម៉ាស់ ព្រោះមិនអាចបំពានច្បាប់បានឡើយ ៕