ចំពោះទំហំទឹកជំនន់នៅអូស្ត្រាលី នាយករដ្ឋមន្ត្រីរដ្ឋគ្វីនឡែន ថ្លែងថា ទឹកជំនន់នេះមានទំហំធំធេងរហូតដល់គេហៅ «សមុទ្រក្នុង» មួយ ។ ទឹកជំនន់ដែលកើតមាននៅភាគឦសានអូស្ត្រាលីគឺធ្ងន់ធ្ងរបំផុតពុំធ្លាប់មានរយៈពេល៥០ឆ្នាំចុង ក្រោយនេះ ។ ទឹកជំនន់នោះលាតសន្ធឹងលើតំបន់មួយធំជាងប្រទេសបារាំង និងអាល្លឺម៉ង់ទៅទៀត ដោយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាលឱ្យមនុស្សស្លាប់២នាក់ហើយ ។ កងទ័ពអាកាសអូស្ត្រាលីបានបញ្ជូននាថ្ងៃទី៣ មករា នូវស្បៀងទៅកាន់ទីក្រុង ROCKHAMPTON ជាទីក្រុងតូចមួយត្រូវកាត់ផ្តាច់ពីតំបន់ឯទៀតរបស់ប្រទេស ហើយទីក្រុងនេះមានកំពស់ទឹកដល់ទៅ៩ម៉ែត្រ ។ ប្រជាជនជាច្រើនពាន់នាក់បាននាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង ហើយសេដ្ឋកិច្ចមូលដ្ឋានរងការប៉ះពាល់យ៉ាងខ្លាំង ។ បណ្តាអណ្តូងរ៉ែធ្យូងថ្មត្រូវទឹកជន់លិច ការធ្វើដំណើរតាមរថភ្លើងត្រូវជាប់គាំង ។ អាជ្ញាធរព្យាករណ៍ពីការខូចខាតដោយគ្រោះទឹកជំនន់យ៉ាងធំនេះថា មានលើសពី១.០០០លានដុល្លារ ។ យោងតាមការព្យាករណ៍បណ្តោះអាសន្នថា គ្រោះមហន្តរាយនេះអាចក្រចប់ ហើយក្នុងតំបន់មួយចំនួនកំពស់ទឹកបន្តកើនឡើង ៕