ខណៈដែលលោកអាណុលស្វាហ្សេនេសហ្ស័រ ត្រូវចាកចេញពីតំណែងអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា នាថ្ងៃទី៣ មករា ២០១១ ទស្សនាវដ្តី VARIETY មានឯកទេសក្នុងខ្សែភាពយន្តបានជួបធ្វើសំភាសន៍ជាមួយលោកអំពីបណ្តាគំរោងនៃជីវិតរបស់លោក ។ សំរាប់ពេលនេះលោកអាណុលគ្រោងសរសេរសៀវភៅ ថ្លែងសុន្ទរថា ក្នុងសន្និសីទនានា ហើយបន្តការងារសំរាប់បរិស្ថាន ។ ក៏ប៉ុន្តែលោកអាចមានការផ្លាស់ប្តូរ ពីព្រោះក្នុងបណ្តាការជ្រើសរើសរបស់លោកក៏រួមមានការវិលត្រឡប់ទៅរកខ្សែភាពយន្តដែរ ។ លោកបានលើកឧទាហរណ៍ពីលោក FRED THOMPSON ជា មនុស្សចូលប្រឡូកក្នុងពិភពនយោបាយផង និងពិភពខ្សែភាពយន្តផង ។ លោកជាអ្នកនយោបាយអាមេរិក គឺជាព្រឹទ្ធសមាជិករដ្ឋតេនណេស៊ី ហើយក៏ដើរតួក្នុងខ្សែភាពយន្តជាប៉ូលិសតុលាការផងដែរ ។# គេសួរលោកពីរឿងដើរតួកុន តើលោកនឹងដើរតួវាយតប់បាញ់ប្រហារដូចមុនទៀតដែរទេ ។ ពេលនេះលោកមានអាយុ៦៣ឆ្នាំ លោកប្រហែលជាមិនអាចដើរតួបែបនេះទៀតឡើយ៕