អាជ្ញា​ធរ​អាហ្វហ្គានីស្ថាន​​រាយការណ៍​​ថា យុទ្ធ​ជន​​តាលីបង់​៥០​នាក់ កាលពីថ្ងៃទី១៨ មករា ​បាន​​ចាកចេញ​​ពីជួររបស់​ពួក​ឧទ្ទាម​​ ដើម្បី​​មក​​ចុះ​ចូលជាមួយ​​កង​កំលាំង​​ស្និទ្ធ​​​រដ្ឋាភិបាល​​​នៅ​ភាគ​​ខាង​​ជើង​អាហ្វ​ហ្គានីស្ថាន​ ​​ ។ ម្យ៉ាងវិញ​​​ទៀត​ ទាហាន​​អ៊ីតាលី​​ម្នាក់បាន​ត្រូវ​ស្លាប់ និង​ម្នាក់ទៀត​​ត្រូវរបួស​​​ក្នុងការបាញ់​​ប្រហារ​មួយ​កាលពីថ្ងៃទី​​​១៨ មករា ក្នុងខេត្ត BADGHIS (ភាគខាងលិច) ។ នេះជា​ការ​ប្រកាស​​របស់រដ្ឋ​​មន្ត្រី​​ការពារប្រទេស​​អ៊ីតាលី លោក IGNAZIO LA RUSSA ។#យោងតាម​​ប្រមុខ​ប៉ូលិស​​​ខេត្ត​​គុនឌុស លោក​អាប់​ឌុល​រ៉ាហ៍ម៉ាន់ ​សាយេដខាអ៊ីលី​ ថា ពួកតាលី​បង់​​៥០នាក់​ នៃស្រុក​​​អ៊ីម៉ាម សាហ៊ីប ​បាន​មក​ចុះ​​ចូលជាមួយកង​​កំលាំង​ស្និទ្ធ​​រដ្ឋាភិបាល​​កាលពីថ្ងៃ​ទី​​១៨ មករា ។ ឧត្តមសេនីយ៍​​ DAOOD DAOOD មេ​បញ្ជា​ការ​របស់ប៉ូលិស​​អាហ្វ​ហ្គានី​ស្ថាន​​នៅភាគ ខាងជើង​​ប្រទេស​​​​ក៏អះអាង​​​​ពី​ព័ត៌​មាន​​នេះដែរ ។ ​ក៏ប៉ុន្តែ​អ្នក​​​នាំពាក្យ​របស់​​ពួកតាលី បង់​​​ឈ្មោះ​​ហ្សាប៊ី អុលឡាហ៍ ​មូចា​ហ៊ីដ ​អះអាង​​ថា ពុំ​បានទទួលព័ត៌មាន​​ពី​ការ​​​រត់ចោល​ជួររបស់​​​ពួកតាលីបង់​​ទាំងនោះឡើយ ៕