(អាហ្វហ្គានីស្ថាន)៖ បន្ទាប់ពីអាមេរិក បានប្រកាសចំនួនបួនថ្ងៃមកហើយថា មេដឹកនាំកំពូល របស់ក្រុម​សកម្មប្រយុទ្ធ តាលីបង់លោក Mullah Akhtar Mansour បានស្លាប់ ដោយការវាយប្រហារ របស់យន្តហោះ គ្មានមនុស្សបើកនោះ ឥឡូវក្រុមដែលត្រូវចាត់ទុក ជាពួកភេរវករនេះ បានប្រកាសទទួលស្គាល់ មរណភាពនោះជាផ្លូវការ និងបានតែងតាំង មេដឹកនាំកំពូលថ្មីថែមទៀត។ នេះបើតាមការចេញផ្សាយមុន នេះបន្តិច ដោយ BBC នៅរសៀលថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០១៦។

/

មេដឹកនាំថ្មី ដែលតាលីបង់ បានជ្រោងឲ្យឡើងកាន់តំណែងថ្មីនោះ មានឈ្មោះថា Mawlawi Haibatullah Akhundzada ដែលលោកជាមនុស្សជំនិត របស់មេដឹកនាំចាស់។ គួរបញ្ជាក់ថា លោក Mansour បានស្លាប់ អំឡុងពេលលោកធ្វើដំណើរ តាមរថយន្តនៅខេត្ត បាឡូជីស្ថាន របស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ ហើយក៏ត្រូវបានយន្តហោះ​អាមេរិក ទម្លាក់គ្រាប់បែកចំពីលើតែម្តង។

/

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃើរី បានថ្លែងបន្ទាប់ពីការផ្តាច់ជីវិត មេដឹកនាំតាលីបង់នោះថា អាមេរិកបានចាត់​ទុកក្រុមនេះ ជាការគម្រាម​កំហែងយ៉ាងខ្លាំង ទៅលើប្រតិ​បត្តិការ នៃកងកម្លាំងអាមេរិក ក្នុងតំបន់អាស៊ីខាងត្បូង ជាច្រើនឆ្នាំមកនេះ៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង