ក្នុងជំនួបបកស្រាយបញ្ហាព្រំដែនកម្ពុជា វៀតណាម នៅរដ្ឋសភាកាលពីព្រឹកថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១២ នេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអះអាងថាកម្ពុជាបច្ចុប្បន្ន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកទទួលបាន ដីពីវៀតណាមមកវិញ ប្រហែលជាជាង ៣០០គីឡូម៉ែត្រការ៉េ។
កម្ពុជា និងវៀតណាម មានផែនការបោះបង្គោលព្រំដែនគោកជាមួយគ្នាឲ្យហើយ នៅចុងឆ្នាំ២០១២លើព្រំដែនប្រវែង ១២៧០គីឡូម៉ែត្រ។ ថ្លែងបំភ្លឺ នៅក្នុងរដ្ឋសភា នៅថ្ងៃទី០៩ សីហា ឆ្នាំ២០១២នេះ អំពីបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការកំណត់ព្រំដែនដោយផ្អែកផែនទីខ្នាតមួយលើ ១០០ពាន់ ដែលកម្ពុជាមានផ្ទៃដី ១៨១០៣៥ គីឡូម៉ែត្រការ៉េ គឺកម្ពុជាបច្ចុប្បន្ន មានផ្ទៃលើស ពីនេះជាង៣០០គីឡូម៉ែត្រការ៉េ។បើតាមការបំភ្លឺរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានន័យថា កម្ពុជាបច្ចុប្បន្ន មានផ្ទៃដីសរុបជាង១៨១៣៣៥គីឡូម៉ែត្រការ៉េ។ កម្ពុជា ដែលកំពុងគូសវាសខ្សែព្រំដែនជាមួយវៀតណាម បច្ចុប្បន្នដោយអនុវត្តខ្នាត ១លើ៥ពាន់ ប៉ុន្តែទម្រង់បែបបទនេះ មិនត្រូវបានបក្សប្រឆាំង សាទរនោះទេ ដោយក្រុមបក្សប្រឆាំង ចាត់ទុកថា បានរំលោភលើរដ្ឋធម្មនុញ្ញ ដែលចែងពីខ្នាត់ផែនទី ១លើ១០០ពាន់ នៃផែនទី ឆ្នាំ១៩៣៣-១៩៥៣ និងត្រូវបានទទួលស្គាល់ដោយអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣-១៩៦៩៕
ដោយ៖ រស្មីប្រភពពី៖ VOD