មនុស្សម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ម៉ូតូ ៦គ្រឿង និងរថយន្ដ ២គ្រឿងត្រូវខូចខាត នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីម៉ោង ៧ព្រឹក ថ្ងៃទី ២កញ្ញានៅច្បារអំពៅ។

នៅម៉ោង ៧ព្រឹក ថ្ងៃទី ២កញ្ញានៅច្បារអំពៅ គ្រោះថ្នាក់មួយទៀតហើយ បានកើតឡើងនៅកន្លែងដដែល បន្ទាប់ពីគ្រោះថ្នាក់មួយកាលពីម្សិលមិញដែលបានសម្លាប់មនុស្សម្នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ   បង្កឡើងដោយរថយន្ដដឹកទំនិញធុនមធ្យមមួយគ្រឿងដែលបើកបរចុះពីលើស្ពានមុន្នីវង្សថ្មី បានប្រហែលជា ២០ម៉ែត្រ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង និងបុករថយន្ដ ២គ្រឿងទៀង ហើយក៏បន្ដទៅបុករះម៉ូតូខាងមុខចំនួន ៥គ្រឿងទៀត។

/

ហេតុការណ៍គ្រោះថ្នាក់ទាំងព្រលឹមនេះ បានបណ្ដាលអោយមនុស្សរងរបួសធ្ងនម្នាក់ និងស្រាលជាច្រើននាក់។ ចំណែកអ្នកបើកបររថយន្ដបង្កហេតុបានរត់គេចខ្លួន តែត្រូវគេចាប់បាន ប៉ុន្ដែបន្ដិចក្រោយមកក៏គេចខ្លួនបានទៀត ដោយមិនដឹងមូលហេតុ។

បច្ចុប្បន្ន នៅម្ដុំផ្សារច្បារអំពៅកំពុងកកស្ទះចរាចរណ៍យ៉ាងខ្លាំង ហើយក្រុមនគរបាលកំពុងដោះស្រាយបញ្ហានេះ។

គួររំលឹកថា កាលពីម្សិលមិញ(ថ្ងៃទី ១កញ្ញា) គ្រោះថ្នាក់ចរាចរណ៍មួយ ក៏បានកើតឡើងនៅចំណុចដដែលនេះ បានបណ្ដាលអោយមនុស្សស្លាប់ម្នាក់ និងរបួស ២នាក់ ក្នុងនោះរថយន្ដកាម៉ារីថ្មី មួយគ្រឿងដែលចតនៅមុខផ្ទះក៏ត្រូវខ្ទិចគូថផងដែរ៕

ដោយ ៖ សូរីយ៉ា