អាចម៍ផ្កាយធំមួយ បានផ្ទុះឆេះ នៅពេលវាធ្លាក់ចុះមកផែនដី ធ្វើឱ្យប្រជាជន អេស្ប៉ាញ មានការភ័យខ្លាចជាខ្លាំង ដោយសារមានអ្នកខ្លះ យល់ថា នេះគឺជាយានអវកាសមិនស្គាល់អត្តសញ្ញាណ (UFO) ឬយន្ដហោះមួយគ្រឿង ជួបគ្រោះថ្នាក់។

/

បណ្ដាញតាមដានអាចម៍ផ្កាយ របស់ អេស្ប៉ាញ បានទទួលស្គាល់ថា អាចម៍ផ្កាយនេះ បានហោះកាត់ពីលើតំបន់ចំនួន ៨ នៅវេលាទាបភ្លឺ ថ្ងៃទី ៧កញ្ញា (នៅអេស្ប៉ាញ) នេះបើតាមសេចក្ដីរាយការណ៍ពី Daily Mail ។ អាចម៍ផ្កាយដែលបានផ្ទុះឆេះនេះ បង្កើតបានជាដុំភ្លើងភ្លឺដ៏ធំមួយ នៅលើអាកាស និងបន្សល់ទុកស្នាមផ្សែងយ៉ាងវែង តាមពីក្រោយ។

អ្នកតារាសាស្ដ្រ Jose Maria Trigo ថ្លែងថា ៖ “យើងខ្ញុំយល់ថា អាចម៍ផ្កាយនេះ អាចនឹងហោះហើរកាត់ទូទាំងប្រទេស ប៉ុន្ដែដោយសារតែតំបន់ជាច្រើន មានមានពពកក្រាស់ ដូច្នេះ ប្រជាជន មិនអាចមើលឃើញ លើកលែងតែតំបន់ Barcelona” ។

ទីភ្នាក់ងារអាកាសធាតុ អេស្ប៉ាញ កំពុងតែពិនិត្យទៅលើវីដេអូដែលប្រជាជនថតបាន រួមនឹងទិន្នន័យវិទ្យាសាស្ដ្រ ដើម្បីកំណត់ឱ្យដឹងថា អាចម៍ផ្កាយនេះ មានប្រភពមកពីណា និងធ្លាក់នៅក្នុងតំបន់ណា។

/

ទិដ្ឋ​ភាព​អាចម៍​ផ្កាយ​ធ្លាក់ នៅ​ អេស្ប៉ាញ

តារាវិទូ Jose Maria Trigo សន្និដ្ឋានថា អាចម៍ផ្កាយនេះ អាចនឹងធ្លាក់នៅក្នុងតំបន់ដាច់ស្រយាល ហើយវាមិនឆេះទាំងស្រុងនោះ ព្រោះថា វាមានទំហំធំគួរសម។ បណ្ដាអាចម៍ផ្កាយ នៅពេលធ្លាក់ចូលមកបរិយាកាសផែនដី វានឹងមានល្បឿនដល់ទៅ ៧៣គីឡូម៉ែត្រ/វិនាទី ដូច្នេះ វានឹងឆេះជាអណ្ដាតភ្លើង ដោយសារតែការកកឹតជាមួយនឹងខ្យល់។

ទន្ទឹមនឹងនេះ អង្គភាពប្រតិកម្មរហ័សនៅតាមតំបន់ ក្នុងប្រទេស អេស្ប៉ាញ ទទួលបានការហៅទូរស័ព្ទជាច្រើន ពីប្រជាជន ក្នុងនោះ មានអ្នកខ្លះយល់ថា វាអាចជា UFO ឬក៏ជាយន្ដហោះដែលជួបគ្រោះថ្នាក់។

/

ចុង​សប្ដាហ៍​កន្លង អាចម៍​ផ្កាយ​មួយ ក៏​បាន​ធ្លាក់​ទៅ​ធ្លាក់​​ប្រទេស Nicaragua

 

គួរ​រំលឹក​ថា មក​ដល់​ពេល​នេះ មានករណី​ចំនួន​ពីរ​មក​ហើយ ទាក់​ទិន​នឹង​អាចម៍​ផ្កាយ ក្រោយ​ពីអង្គ​ការ​ NASA ប្រកាស​ថា មាន​អាចម៍​ផ្កាយ​មួយ​ធំ កំពុង​ហោះ​ឆ្ពោះ​មក​កាន់​ផែន​ដី ហើយ​វា​នឹងមក​កៀក​នឹង​ផែន​ដី​បំផុត ពោល​គឺ​វា​ហោះ​ជិត​ផែន​ដី ជាង​ផ្កាយ​រណប​ទៅ​ទៀត​។ ករណិ​ធ្លាក់​អាចម៍​ផ្កាយមួយ​ផ្សេង​ទៀត ​ថ្មី​ៗ​នេះ ក៏​បាន​ធ្លាក់​ទៅ​លើ​ប្រទេស Nicaragua កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅបណ្ដាល​ឱ្យ​មាន​រណ្ដៅ​មួយ​មាន​ទំហំ ១២​ម៉ែត្រ​៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail/Youtube