ភ្នំពេញ  ៖ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមិត្ដ ភាពកម្ពុជា-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី ម្នាក់ បានរងរបួសធ្ងន់ រីឯភរិយារបស់ខ្លួន បានស្លាប់ បន្ទាប់ពីរថយន្ដបាឡែន មួយគ្រឿង បើកបុកប៉ើងដូចសី កាលពីវេលាម៉ោង៥និង៤៥នាទី ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅទល់មុខចំណតរថយន្ដក្រុងនាគក្រហម ខាងជើងផ្សាររាត្រី តាមបណ្ដោយផ្លូវលេខ១០៨ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន ៍បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ ដែលត្រូវបានគេដឹងថា ប្ដីជាគ្រូពេទ្យនៅមន្ទីរពេទ្យរុស្ស៊ី អាយុជាង៥០ឆ្នាំ បាននាំគ្នាដើរហាត់ប្រាណ នៅតាមមាត់ទន្លេ លុះដើរដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដបាឡែនមួយគ្រឿង អត់ពាក់ស្លាកលេខ បើកយ៉ាងលឿន តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ រួចហើយបុកជនរងគ្រោះពេញមួយទំហឹង ប៉ើងដូចសី បណ្ដាលឱ្យរងរបួសធ្ងន់ទាំងពីរនាក់។

ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរ នាក់ប្ដីប្រពន្ធ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យរុស្ស៊ី ប៉ុន្ដែជាអកុសលស្ដ្រីជាប្រពន្ធ ដែលរងរបួសធ្ងន់បានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

បច្ចុប្បន្នសពស្ដ្រីរងគ្រោះ ត្រូវបានក្រុម គ្រួសារយកមកធ្វើបុណ្យនៅផ្ទះរបស់ខ្លួន ស្ថិតនៅផ្ទះលេខ៣២AE0 តាមបណ្ដោយផ្លូវលេខ១០៨ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ  ដោយមានការស្រែកយំយ៉ាង ខ្លាំងពីសំណាក់កូនៗនិងក្រុមគ្រួសារទាំងមូល ដោយឡែករថយន្ដបង្ក គ្មាននរណាម្នាក់ ស្គាល់ច្បាស់នោះឡើយ និងមិនដឹងថា បើក រត់ទៅដល់ទីណាដែរ ៕

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល