សាកសព ១៤នាក់ដែលត្រូវបានគេកាត់ក្បាល និង ៩នាក់ផ្សេងទៀតត្រូវព្យួរ.កនៅលើស្ពានមួយនៅក្នុងក្រុង Nuevo Laredo របស់ Mexico ក្បែរព្រំដែនអាមេរិក។

ទីភ្នាក់ងារសារព័ត៌មាន BBC ដកស្រង់សំដីនគរបាលមូលដ្ឋានបានអោយដឹងថា សាកសពចំនួន៩នាក់ដែលមានសញ្ញាបង្ហាញពីការធ្វើទារុណកម្ម ត្រូវបានរកឃើញនៅលើស្ពានមួយ។ រូបភាពបានបង្ហាញថា សាកសពត្រូវគេចង បិទមាត់ ប្រឡាក់ពេញដោយឈាម និងត្រូវគេព្យួរ.កនៅលើស្ពានមួយដែលភ្ជាប់ផ្លូវសំខាន់ពី Nuevo Laredo ទៅកាន់ Monterrey។
សារមួយត្រូវបានគេដាក់នៅក្បែរសាកសព។ សារនេះបានសរសេរថា ពួកគេគឺជាសមាជិករបស់ក្រុមជួញគ្រឿងញៀន Gulf ដែលត្រូវបានសម្លាប់ដោយក្រុមបដិបក្ស គឺ Zetas។ នគរបាលជឿថាសាកសពទាំងនេះគឺជាសមាជិករបស់ក្រុមឧក្រិដ្ឋជនមួយ ប៉ុន្ដែមិនទាន់កំណត់បានថា អ្នកណាជាអ្នកទទួលខុសត្រូវចំពោះបញ្ហានេះ។
ប៉ុន្មានម៉ោងក្រោយមក សាកសពគ្មានក្បាលចំនួន ១៤នាក់ផ្សេងទៀតក៏ត្រូវបានប្រទះឃើញនៅក្នុងរថយន្ដមួយគ្រឿង។ ក្បាលរបស់ពួកគេត្រូវបានរកឃើញក្នុងប្រអប់ដាក់ទឹកកកដែលត្រូវបានគេបោះចោលនៅខាងក្រៅការិយាល័យរបស់អភិបាលក្រុង។ សារព័ត៌មាននានាបានចេញផ្សាសថា ករណីកាត់ក្បាលនេះអាចជាប់ទាក់ទឹននឹងករណីព្យួរ.ក ប៉ុន្ដែអាជ្ញាធរមូលដ្ឋានមិនទាន់ទទួលស្គាល់ប្រការនេះ។

Nuevo Laredo គឺជាតំបន់ដែលកើតមានការប្រយុទ្ធរវាងក្រុម ២ ក្នុងចំណោមក្រុមឧក្រិដ្ឋជនជួញគ្រឿងញៀនធំបំផុតនៅ Mexico ។ ពួកគេតែងមានការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមដើម្បីគ្រប់គ្រងផ្លូវនាំគ្រឿងញៀនចូលអាមេរិក។
ទន្ទឹមនឹងនេះ មនុស្សប្រមាណជា ៥០.០០០នាក់បានសា្លប់ក្នុងអំពើហឹង្សាដែលទាក់ទឹននឹងគ្រឿងញៀននៅ Mexico ចាប់តាំងពីឆ្នាំ ២០០៦ ខណៈដែលប្រធានាធិបតិ Felipe Calderon ចាប់ផ្ដើមបញ្ចេញកងទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹងពួកឧក្រិដ្ឋជន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Zing