បាងកក៖ ឧបនាយក រដ្ឋមន្រ្តីថៃ មួយរូបនឹងធ្វើ ដំណើរទៅកាន់ ប្រទេស អង់គ្លេស ដើម្បីពិភាក្សា ជាមួយក្រុមប្រឹក្សា អ្នកច្បាប់បរទេស ដាក់ផែនការតតាំងក្តី ប្រាសាទព្រះវិហារ ។

យោងតាមគេហទំព័រ INN របស់ថៃផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកុម្ភៈ នេះបានឲ្យដឹងថា លោក ផុងថេប ថេបកញ្ចនា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងអប់រំ ត្រូវបានគណៈរដ្ឋមន្រ្តី ដឹកនាំ ដោយលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា តែងតាំងជាប្រធាន គណៈកម្មការ ទទួលបន្ទុកផ្នែករឿង ក្តីប្រាសាទព្រះវិហារ។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ផុងថេប ដឹកនាំគណៈប្រតិភូ រួមទាំងស្ថាប័នតុលាការ ធ្វើដំណើរ ទៅកាន់ទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីពិភាក្សាជាមួយ ក្រុមប្រឹក្សាអ្នកច្បាប់បរទេស ក្នុងការ ស្វែងរកផែនការ តតាំងរឿងក្តី ប្រាសាទព្រះវិហារ ។

លោក ផុងថេប បានថ្លែងថា ភាគីថៃ បានបញ្ជូនឯកសារជាច្រើនដាក់កាន់ តុលាការយុត្តិធម៌ អន្តរជាតិ(ICJ) រូចរាល់ ហើយ ហើយការធ្វើដំណើរទៅកាន់ អង់គ្លេស លើកនេះ គឺជាការពិភាក្សា លម្អិតជាមួយមេធាវីបរទេស ដែលនឹងត្រូវ ឡើងតតាំង ក្នុងសវនាការ ICJ នាខែមេសា ខាងមុខនេះ។

លោក ផុងថេប បានបញ្ជាក់ថា ភាគីថៃគ្មានអ្វីព្រួយបារម្ភនោះទេ ព្រោះគ្រប់គ្នាធ្វើការងារ យ៉ាងពេញទំហឹង ហើយ ឯកសារទាំងឡាយ នេះមិនអាចផ្សព្វផ្សាយ សាធារណៈបានឡើយ ព្រោះអាចធ្វើឲ្យភាគីថៃ បាត់បង់ផលប្រយោជន៍ នៅពេលភាគីម្ខាងទៀត បានឃើញឯកសារ ទាំងនេះ។ មកទល់នឹងពេលនេះ ភាគីថៃ មិនចាំបាច់ធ្វើការចរចា សម្រួបសម្រួលជាមួយ ភាគីកម្ពុជាឡើយ ព្រោះសំណុំរឿងនៅលើ ដៃតុលាការរូចទៅហើយ ដូច្នេះ ភាគីទាំងពីរ តតាំង រឿងក្តី ប្រាសាទព្រះវិហារ យ៉ាងពេញទំហឹង ៕

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល