ហូស្តុន៖ យោងតាមទី ភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៣ នេះថា យុវជនម្នាក់បង្កភាពគ្រោះថ្នាក់មួយ ដោយបាញ់ប្រហារទៅលើមនុស្ស ៥នាក់ ក្នុងនោះមានកុមារ ៣នាក់ ផងដែរស្ថិតនៅគេហដ្ឋានមួយកន្លែង ក្នុងរដ្ឋ ញូមិកស៊ីកូ។ នេះបើតាមការ ផ្សាយ ពីសារព័ត៌មានអាមេរិក នៅថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៣។
យុវជនវ័យ ១៥ឆ្នាំម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ដោយចោទប្រកាន់ពីបទចាប់ជម្រិត និង បាញ់ ប្រហារ កាលពីយប់ថ្ងៃសៅរ៍ សប្តាហ៍មុននេះ ក្នុង គេហដ្ឋានមួយ កន្លែងក្នុងទីក្រុង អាល់ប៊ូឃ្វឺក នៃរដ្ឋ ញូមិកស៊ីកូ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ FOX របស់អាមេរិក។
អ្នកនាំពាក្យប៉ូលិសប្រចាំតំបន់លោក អេរ៉ូន វីលៀមសុន បានអះអាងថា អត្តសញ្ញាណ នៃ ជនរងគ្រោះ ទាំងអស់នោះ មិនត្រូវបានគេបង្ហើបឲ្យដឹង នោះទេ ហើយចំពោះ មូលហេតុដែល នាំឲ្យយុវជនបង្កការ បាញ់បោះនោះ ក៏មិនទាន់មានព័ត៌មានបញ្ជាក់ឲ្យបាន ច្បាប់លាស់ នោះដែរ ប៉ុន្តែពេល នេះគេ កំពុងតែធ្វើការកំណត់អត្តសញ្ញាជនរងគ្រោះទាំងអស់។
គួរបញ្ជាក់តាមសេចក្តីរាយការណ៍ខាងលើ បានឲ្យដឹងទៀតថា អ្នករងរបួសទាំងអស់មិនមែន ដោយសារតែត្រូវកាំភ្លើង បាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ មិន មាន អ្នកស្លាប់នោះដែរ។ ពេលការស៊ើប អង្កេតនៅតែបន្តនៅឡើយដើម្បីស្វែងរក ថាតើមានអាវុធលាក់នៅក្នុងគេហដ្ឋាននោះដែរ ឬ មួយក៏យ៉ាង ណា៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល