ភ្នំពេញ៖ ស្ត្រីម្នាក់រងរបួសស្រាល និងធូរេនមួយគ្រែ រួមជាមួយនឹងរបាំងថ្មចែកទ្រូងផ្លូវចំនួន ២ ផ្ទាំង ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ជិតស្តាតអូឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ត្រូវរងការខូចខាតទាំងស្រុង ខណៈដែលបុរសម្នាក់ បានបើករថយន្តកាមរីឆ្លាមមួយគ្រឿង បុករះពេញទំហឹងកាលពីវេលាម៉ោង ៣ នឹង០០នាទីទៀបភ្លឺថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៣។

យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កហេតុខាងលើនេះម៉ាកកាមរីឆា្លម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2E-1411 បើកបរដោយបុរសម្នាក់នឹងរួមដោយមនុស្សស្រីនឹងប្រុស ៣ទៅ៤ នាក់ទៀត បានបើកធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច។ លុះបើកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបែកកង់ផ្នែកខាងមុខ បណ្តាលឲ្យរេចង្កូតបុករះរបាំងថ្មចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបាក់អស់ចំនួន២ ផ្ទាំង។

ក្រោយបើកបុករបាំងចែកទ្រូងផ្លូវហើយ បុរសរូបនេះ បានព្យាយាមបើករត់គេចខ្លួន ក៏ជ្រុលទៅបុកកន្លែងលក់ធូរេន ស្ថិតនៅជិតចំណុចកើតហេតុបណ្តាលឲ្យខូចខាតអស់ធូរេនមួយគ្រែ រីឯម្ចាស់ធូរ៉េន ដែលអង្គុយលក់រងរបួសស្រាល។ ចំណែកម្ចាស់រថយន្តបង្កហេតុ និងអ្នករួមដំណើរក្នុងរថយន្តមិនបានរងរបួសអ្វីទេ ប៉ុន្តែក្រោយកើតហេតុ ពួកគេបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោសអស់ភ្លាមៗតែម្តង។

នគរបាលចរាចរណ៍ខណ្ឌចំការមន ដែលចុះពិនិត្យ និងវាស់វែងដល់កន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កហេតុខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញចុះមកអន្តរាគមន៍ ធ្វើការវាស់វែងអូសយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល