-តុលាការចេញ ដីកាបង្គាប់ ឱ្យលោក យាន ស៊ីណា អនុរដ្ឋលេខាធិការ ក្រសួង យុត្ដិធម៌ ចូលបំភ្លឺ

ភ្នំពេញ ៖ អតីតមេធាវី ដែលត្រូវបានគេ ដឹងថា សំបូររឿងរ៉ាវ និងបង្ហាញខ្លួននៅ តុលាការជាច្រើនដង ដេវីដ ឆាណាយវា និង ក្មួយប្រុស ឈ្មោះប្រាក់ អ៊ូស៊ី ត្រូវបានចៅ ក្រមសាលាដំបូងរាជធានីភ្នំ-ពេញ លោកស៊ិន វិសាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជា បណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទបង្ក អំពើហិង្សា ដោយចេតនាទៅលើអ្នកកាសែត បណ្ដាលឱ្យរងរបួសធ្ងន់ស្រាលជិត១០នាក់។

ការសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោកស៊ិន វិសាលខាងលើនេះ បានធ្វើឡើងនៅរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ បន្ទាប់ពីជន បង្កទាំងពីរនាក់នេះ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ  លោកមាស ច័ន្ទពិសិដ្ឋ សម្រេចចោទប្រកាន់ពីបទបង្កអំពើ ហិង្សា ដោយចេតនាតាមមាត្រា២១៧ នៃ ក្រមព្រហ្មទណ្ឌ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ខណៈដែលចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញ សម្រេចឃុំខ្លួនដេវីដ ឆាណាយវា និង បក្ខពួកដែលជាក្មួយបង្កើតខាងលើនេះ បានកើតឡើងស្របពេលចៅក្រមបានចេញដីកា មួយទៀត បង្គាប់ឱ្យអនុរដ្ឋលេខាធិការក្រសួង យុត្ដិធម៌ លោកយាន ស៊ីណា ចូលបំភ្លឺនៅ តុលាការ ដោយជាប់ពាក់ព័ន្ធ និងបទល្មើស ទាំងនេះ ខណៈដែលលោកយាន ស៊ីណា មិន ទាន់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពេល កើតហេតុកាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ ។

អតីតមេធាវី ដេវីដ ឆាណាយវា ត្រូវបាន គេដឹងថា សំបូររឿងបទល្មើសពាក់ព័ន្ធមួយ ចំនួនទៀត និងមានដីកាតាមចាប់ខ្លួនពីសាលា ដំបូងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធនិងការ ប្រើប្រាស់អាវុធខុសច្បាប់ ចំពោះទង្វើនៃការបាញ់បោះដោយសេរីនៅក្នុងភោជនីយដ្ឋាន រីវ័ហៅ កាលពី៦ឆ្នាំមុន។

ជាមួយគ្នានេះ ដេវីដ ឆាណាយវា ដែលត្រូវបានគណៈមេធាវីលុបឈ្មោះចេញ តាំងពី អំឡុងឆ្នាំ២០០៣កន្លងទៅនេះ ធ្លាប់ត្រូវបាន គេដឹងថា ជាជនម្នាក់ ដែលបានបើករថយន្ដ ម៉ាកមាំមើ ឡើងកាត់ និងបំផ្លាញសួនច្បារ សម្ដេចហ៊ុន សែន កាលពីប៉ុន្មានឆ្នាំមុនផងដែរ ។ ទន្ទឹមគ្នានេះ ដេវីដ ឆាណាយវា ក៏ត្រូវ បានថ្នាក់លើដកតួនាទីជាទីប្រឹក្សាសម្ដេចជា ស៊ីម ជាយូរឆ្នាំមកហើយ ដោយសារតែជន នេះ បានប្រព្រឹត្ដអំពើមិនគប្បីជាច្រើន ដែល ធ្វើឱ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះថ្នាក់ដឹកនាំ។

លោកយឹម លាង នាយរងខុទ្ទកាល័យ និងជាមេបញ្ជាការកងអង្គរក្សសម្ដេចជាស៊ីម បានប្រាប់កា-សែតភ្នំពេញថា ជននេះត្រូវបាន ដកចេញពីតំណែងជាទីប្រឹក្សាសម្ដេចប្រធាន ព្រឹទ្ធសភា ជាយូរណាស់មកហើយ ព្រោះវា គឺជាមនុស្សចោរម្សៀត ។

ចំពោះការសម្រេចឃុំខ្លួន អតីតមេធាវី សំបូររឿងរ៉ាវបទល្មើសជាច្រើនករណី និងជា អ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដុម្ភម្នាក់នេះ រួម ជាមួយក្មួយប្រុសរបស់ខ្លួន បានទទួលការសាទរពីជនរង-គ្រោះ ជាអ្នកកាសែតមួយចំនួន ដែលរងការវាយតប់ ពីសំណាក់ជនទាំង នេះ។

ជាមួយគ្នានេះ ជនរងគ្រោះទាំងអស់បាន ទទូចឱ្យតុលាការ ផ្ដន្ទាទោសអនុរដ្ឋលេខាធិការក្រសួងយុត្ដិធម៌ ឈ្មោះយាន ស៊ីណា ម្នាក់ទៀត ដែលបាននិងកំពុងរត់គេចខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ចំពោះទង្វើមិនគប្បីរបស់ខ្លួនមកលើអ្នកកាសែត ពេលកំពុងចុះយកព័ត៌មាននៅតាមទីសាធារណៈនោះ  ៕

DAP-News

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល