ភ្នំពេញ៖ ដោយមើលឃើញ ពីសកម្មភាព មិនប្រក្រតីចំពោះមន្រ្តី នគរបាល ចំនួន២នាក់ ដែលបានបាញ់ ប្រហារ ម្ចាស់រថយន្ត ដឹកម្ទេស ពីព្រោះតែតាមទារ លុយមិនបាននោះ អគ្គស្នងការនគរជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឲ្យ បណ្តេញ មន្រ្តីនគរបាល ទាំងពីរនាក់នេះ ចេញពីក្របខណ្ឌ នគរបាលជាតិ និងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ។

ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣នេះថា អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យ បណ្តេញមន្រ្តី នគរបាលទាំងពីរ នាក់នេះ ចេញពីក្របខណ្ឌ ពីនគរបាលជាតិ ហើយបញ្ជាឲ្យបញ្ជូន សំណុំរឿង និងខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានបន្តថា ការដាក់បទបញ្ជា របស់អគ្គស្នងការ នគរបាលជាតិ ខាងលើនេះ ដើម្បីជាការព្រមាន ទៅកាន់ មន្រ្តីនគរបាល ដទៃទៀត កុំឲ្យធ្វើទង្វើបែបនេះ នាពេលក្រោយទៀត ពីព្រោះជាការប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ ដែលរកស៊ីនៅតាមផ្លូវ។

សូមបញ្ជាក់ថា កម្លាំងនគរបាល ខណ្ឌឫស្សីកែវ ដឹកនាំដោយលោក អធិការ នគរបាលខណ្ឌ ទៀង ច័ន្ទសា បានឃាត់ខ្លួន មន្រ្តីនគរបាល ចំនួន២នាក់ ដែលបាន បាញ់ប្រហារ ម្ចាស់រថយន្ត ដឹកម្ទេស បណ្តាលឲ្យរងរបួសធ្ងន់ ចំស្មា កាលពីយប់ រំលងអាធ្រាត្រ ចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅជិតស្ពាន លីយ៉ុងផាត់ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ក្រោយពីមន្រ្តីនគរបាល ទាំងពីរនាក់នេះ បានទារលុយ ពីម្ចាស់រថយន្ត ខាងលើមិនបាន។

ប្រតិបត្តិការ ស្រាវជ្រាវ តាមចាប់ ជនសង្ស័យ ទាំងពីរនាក់នេះ ដែលជាមន្រ្តីនគរបាល បានធ្វើឡើងកាលពីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ក្រោយពីមានបទបញ្ជា របស់លោកស្នងការ នគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង នគរបាល ទទួលបន្ទុកកណ្តាល យុត្តិធម៌ លោក ជួន ណារិន្ទ ។

អធិការនគរបាល ខណ្ឌឫស្សីកែវ លោក ទៀង ច័ន្ទសា បានឲ្យដឹងថា កម្លាំងសមត្ថកិច្ច របស់លោក ក្រោមបទបញ្ជារបស់ លោកស្នងការ និងស្នងការរង ទទួលផែន បានធ្វើការ ស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងឈានទៅដល់ការ ឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់នេះ ដែលជាមន្រ្តីនគរបាល ក្រោយពីបានបាញ់ ម្ចាស់រថយន្តទួរីស ដឹកម្ទេសបណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ដោយសារតែ តាមទារលុយ។

បើតាមសមត្ថកិច្ចលួចបង្ហើប មន្រ្តីនគរបាលទីមួយមានឈ្មោះ រ៉ា ជាមន្រ្តីនគរបាលខណ្ឌឫស្សីកែវ និងទី២មានឈ្មោះ សុខគា ជាមន្រ្តីនគរបាល​ នៅការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀន។ លោក ទៀង ច័ន្ទសា បានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ទាំងពីរនាក់ ត្រូវបានឃុំខ្លួនជា បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីចាត់ការ តាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ម្ចាស់រថយន្តទួរីសរកស៊ីដឹកបន្លែ ពីស្រុកកោះធំ ខេត្តកណ្តាល ឆ្ពោះទៅព្រំដែនខេត្តប៉ៃលិន ត្រូវបានជន សង្ស័យចំនួន២នាក់ ស្លៀកពាក់ឯកសណ្ឋាននគរបាល ពណ៌ទឹកដោះគោ បាញ់ប្រហារមួយគ្រាប់ចំស្មា បណ្តាល ឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ១២ និង១៥នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ស្ថិត នៅជិតស្ពានលី យ៉ុងផាត ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ការបាញ់ប្រហារនេះ បានកើតមានឡើង បន្ទាប់ ពីជនសង្ស័យទាំងពីរតាមទារលុយមិនបានពីជនរងគ្រោះ។ អ្នកស្រី វ៉ាត ស្រីលក្ខណ៍ អាយុជាង២០ឆ្នាំ ជាភរិយារបស់ជនរងគ្រោះ ឈ្មោះ ឌី វិចិត្រ អាយុ ២៩ឆ្នាំ រស់នៅក្នុង ភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានប្រាប់ដើមអម្ពិលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ពេល កំពុងមើលថែប្តីថា មុនពេលកើតហេតុប្តីរបស់គាត់ ជាមួយប្អូនប្រុសម្នាក់ទៀត បានបើករថយន្តទៅដឹកម្ទេស ពី ស្រុកកោះធំ លុះពេលមកដល់ភ្នំពេញ បានចូលយកអ្នកស្រីទៅទាំងអស់គ្នា។

អ្នកស្រី វ៉ាត ស្រីលក្ខណ៍ បានបន្តថា ពេលបើករថយន្តដល់ចំណុចកើតហេតុ មានបុរស២នាក់ ជិះម៉ូតូ២គ្រឿង ស្លៀកពាក់ឯកសណ្ឋាន ជានគរបាល ពណ៌ទឹកគោ បានជិះតាមពីក្រោយ ហើយគិតតែជេរបញ្ចោរទំនងចង់សុំ លុយ។ ភ្លាមៗនោះពួកគេទាំងពីរនាក់ បានទាញដុំថ្មគប់លើរថយន្តបណ្តាលឲ្យបែកកញ្ចក់។

អ្នកស្រីបន្តទៀតថា នៅពេលឃើញបែបនេះ ប្តីរបស់អ្នកស្រីបានចុះពីរថយន្ត ក៏ត្រូវជនសង្ស័យម្នាក់ ទាញកាំភ្លើងបាញ់១គ្រាប់ចំស្មា ហើយគេចខ្លួនបាត់។ បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត៕

/

/

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល