ភ្នំពេញ៖ ការប្រយុទ្ធគ្នាមួយ កាលពីយប់ក្នុងផ្សារស្ដង់បុរីកីឡា មិនឆ្ងាយប៉ុន្មានអធិការដ្ឋាន នគរបាលខណ្ឌ ៧មករា យ៉ាង ហោចណាស់បណ្ដាលឲ្យបុរស ២នាក់ របួសធ្ងន់ ត្រូវគេដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យសម្ដេចឪ ចំណែក២នាក់ទៀតរបួសស្រាល។ ដោយឡែកជនបង្កត្រូវបានចាប់ខ្លួន ចំនួន៤នាក់ភ្លាមៗ និងកំពុងត្រូវបានឃុំខ្លួន ក្នុងអធិការនគរបាលខណ្ឌ នៅ ឡើយ។
សេចក្ដីរាយការណ៍ ចុងក្រោយឲ្យដឹងថា ស្ថានភាពអ្នករបួស កាន់តែធ្ងន់ធ្ងរ ហើយត្រូវបានគេបន្ដ បញ្ជូនជនរងគ្រោះទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត។
សេចក្ដីរាយការណ៍ឲ្យដឹងថា ជម្លោះគ្នានោះ កើតឡើងកាលពីវេលា ម៉ោង០៩និង៣០នាទី យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ ដោយ សារតែភាគីទាំងពីរ ស្រវឹងស្រាដូចគ្នា និងផ្ដើមដោយសម្ដីឌឺដងគ្នា រវាងជាងជួសជុល និងអ្នកលក់ម៉ូតូ ក្នុងផ្សារស្ដង់បុរីកីឡា ជាមួយភាគីម្ខាងទៀតមានគ្នា៤នាក់ មានខ្លះជាសន្ដិសុខសហគមន៍បុរីកីឡា និងខ្លះទៀតធ្វើការក្នុងការដ្ឋានរាជាយស្ម័យយានរាជធានីភ្នំពេញ ។
ទោះជាយ៉ាងណាក៏ដោយ នគរបាលព្រហ្មទណ្ឌខណ្ឌ ៧មករា មិនប្រាប់ឲ្យពិស្ដារ ពីហេតុការណ៍ និងអត្ដសញ្ញាណរបស់ជន បង្ក ទាំង៤នាក់ ដែលត្រូវចាប់ខ្លួននោះទេ។ គ្រាន់តែដឹងខ្លះៗថា អ្នករបួសធ្ងន់មានឈ្មោះ ជិន ជឿន ហៅ វ៉ិត អាយុ ១៩ឆ្នាំ មាន ស្រុកកំណើត នៅភូមិចំការឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង, ទី២ ឈ្មោះ មួន, ទី៣ ឈ្មោះ នាង និងទី៤ ឈ្មោះ មឿន អ្នកទាំង៤ ធ្វើកូនជាងជួសជុលម៉ូតូឲ្យថៅកែ ឈ្មោះ សុខជា ផ្សារស្ដង់បុរីកីឡា។
នៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ គេឃើញសាច់ញាតិ និងបក្ខពួករបស់ជនបង្ក ដែលត្រូវនគរបាលខណ្ឌ៧មករា ឃាត់ខ្លួនបានទៅ កាន់អធិការដ្ឋាន ក្នុងគោលបំណងអន្ដរាគមន៍ ដើម្បីបានដោះលែងជនសង្ស័យទាំងនោះ ឲ្យមានសេរីភាពវិញ ប៉ុន្ដែគេមិនទាន់ ដឹងពីចំណាត់ការ របស់លោក យិន សាន អធិការនគបាលខណ្ឌ ចាត់ចែងរបៀបណាទេ លើករណីនេះ។
ដោយឡែក ព័ត៌មានចុងក្រោយឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះ មាន ២នាក់ មានសភាពកាន់តែធ្ងន់ធ្ងរ ហើយត្រូវគេដឹក ចេញពីមន្ទីរពេទ្យសម្ដេចឪ ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល