ព័ត៌មានអន្តរជាតិ ៖ យ៉ោងហោចណាស់ មនុស្ស ៣ នាក់បានស្លាប់បាត់បង់ ជីវិត កាលពីវេលាព្រឹក ថ្ងៃពុធ ម្សិលមិញនេះ ក្រោយមានការ វាយប្រហារ ដ៏ស្មុគស្មាញ មួយ ពីពួកសកម្មភាព ប្រយុទ្ធ បះបោរ តាលីបង់ នៅ ឯប្រទេស អាហ្វហ្គានីស្ថាន ទៅលើ មូលដ្ឋានទ័ព ផ្គត់ផ្គង់ របស់សហរដ្ឋអាមេរិក មានទីតាំង នៅភាគខាងកើត ខេត្ត Nangarhar នេះបើយោង តាមការដកស្រង់ អត្ថបទ ផ្សាយ ពី គេហទំព័រ សារព័ត៌មាន បរទេស ស៊ិនហួរ

/

បន្ថែមពីលើនេះ សារព័ត៌មាន ក្នុងស្រុក បានដកស្រង់ សម្តីមេបញ្ជាការ ម្នាក់ ប្រចាំតំបន់ កើតហេតុ Torkham  អោយដឹងថា ជនរងគ្រោះ ដែលបានស្លាប់បាត់ បង់ជីវិត ទាំង ៣​ នាក់នោះ រួមមាន ដូចជា ៖ មន្រ្តីប៉ូលីស ជន​ជាតិអាហ្វហ្គានីស្ថាន ម្នាក់ ពីរនាក់ទៀត ជាពួកសកម្មប្រយុទ្ធ បើកការវាយប្រហារ និងមនុស្ស ៣ នាក់ ផ្សេង ទៀត ជាមន្រ្តី ប៉ូលីស ក៏បានទទួលរងរបួស ធ្ងន់ និងស្រាល ដូចគ្នាដែរ ក្រោយ មានការវាយប្រហារ នៅវេលា ម៉ោង ៥ និង ៣០ នាទី ទាបភ្លឺ (ម៉ោងក្នុងស្រុក ប្រទេសអាហ្វហ្គានីស្ថាន) ។

/

ដោយមានការ ឆ្លើយតប ជាមួយនឹង ការវាយប្រហារ លើកនេះ លោក Zabihullah Mujahid ជាអ្នកនាំ ពាក្យ អោយក្រុម ឧទ្ទាម តាលីបង់ បានអះអាង អោយដឹងថា វាពិតជា សកម្មភាព វាយប្រហារ របស់ពួកគេ ពិត ប្រាកដមែន។

/

បើយោងតាមសម្តី សាក្សី បានគូសបញ្ជាក់ អោយដឹងថា ករណីបំផ្ទុះ និងវាយប្រហារ មួយនេះ បានធ្វើអោយ មានផ្សែង ពណ៌ប្រផេះ ហុយពាសពេញ កន្លែងកើតហេតុ ។ គួរបញ្ជាក់ផងដែរថា មូលដ្ឋាន ទ័ពផ្គត់ផ្គង់ មួយ កន្លែងនេះ គឺជាបណ្តុំសម្បូរ​ ទៅដោយរថយន្ត ដឹកទំនិញ និងទ័ពបរទេស ក៏ដូចជា ស្ថានីយ៍ រថយន្តដឹកទំនិញ ផ្គត់ផ្គង់ដូចគ្នាដែរ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ