ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី១៧ មករា បានសំដែងពីកំហឹងរបស់ខ្លួនចំពោះបណ្តាសមយុទ្ធយោធារបស់កូរ៉េខាងត្បូងដោយរំលឹកជាថ្មីពីកា រអំពាវនាវរបស់ខ្លួនដល់ក្រុងសេអ៊ូលឱ្យធ្វើការចរចាឡើងវិញជាមួយក្រុងព្យុងយ៉ាង។ ក្នុងបទវិចារណកថាមួយកាសែតផ្លូវការរបស់កូរ៉េខាងជើង RODONG SINMUN និយាយថា សមយុទ្ធយោធាទាំងឡាយរបស់កូរ៉េខាងត្បូងបានបំផ្លាញទំនុកចិត្តសំរាប់ធ្វើការចរចាឡើងវិ ញ ដោយចាត់ទុកសមយុទ្ធទាំងនេះថា ជាអំពើប្រកបដោយគ្រោះថ្នាក់បំផុត។#យោងតាមកាសែតនេះថា កូរ៉េខាងត្បូងមិន ត្រឹមតែធ្វើសមយុទ្ធយោធាផ្ទាល់របស់ខ្លួនប៉ុណ្ណោះ ក៏ប៉ុន្តែក៏រួមសហការផងដែរជាមួយសហរដ្ឋអាមេរិកដើម្បីធ្វើសមយុទ្ធយោធារួម ដែលគំរាមកំហែង និងធ្វើការគាបសង្កត់លើកូរ៉េខាងជើងតាមរយៈមធ្យោបាយយោធា។ នេះជាអំពើដែលគេពុំអាចធ្វើព្រងើយកន្តើយដោយគ្មានចាត់វិធានការនានាតបវិញឡើយ។ អំពើបែបនេះចោទពុំត្រឹមតែបញ្ហាមួយសំរាប់ក្តីសង្ឃឹមជាតិ និងអន្តរជាតិចំពោះការចរចាសន្តិភាពប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ធ្វើឱ្យធ្ងន់ធ្ងរផងដែរដល់ទំនាក់ទំនងដែលតានតឹងស្រាប់នៅឧបទ្វីបកូរ៉េ។#យោង តាមកាសែតនេះថា ភាពតានតឹងនៅឧបទ្វីបកូរ៉េពុំផ្តល់ផលប្រយោជន៍សំរាប់ភាគីណាមួយឡើយ ពីព្រោះវាគំរាមកំហែងដល់ការរស់រាន និងអនាគតរបស់ប្រជាជាតិកូរ៉េ ព្រមទាំងសន្តិភាព និងស្ថេរភាពនៅអាស៊ីភាគឦសាន។#កាសែតនេះអំពាវនាវឱ្យមានការចរចា និងការពិគ្រោះគ្នារបស់ភាគីទាំង២ដើម្បីសំរាលភាពតានតឹង ហើយជំរុញការបង្រួបបង្រួម និងកិច្ចសហប្រតិបត្តិការ និងអំពាវនាវឱ្យមានការឆ្លើយតបជាវិជ្ជមានចំពោះសំណើចរចាធ្វើឡើងដោយកូរ៉េខាងជើង ៕