លោកនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វ៉ាចាជីវ៉ា គ្មានគំរោងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីពិភាក្សា និងចរចាជាមួយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ទាក់ទងទៅនឹងជនជាតិថៃទាំង៧នាក់ ដែលអាជ្ញាធរកម្ពុជាចាប់ខ្លួនពីបទឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់កាលពីព្រឹកថ្ងៃទី ២៩ ធ្នូ កន្លងមកនោះទេ ។ នេះបើយោងតាមគេហទំព័របាងកកប៉ុស្តិ៍ដែលស្រង់សំដីអ្នកនាំពាក្យរដ្ឋាភិបាលក្រុងបាង កក លោកប៉ានីថាន វឌ្ឍនា យ៉ាកន ចេញផ្សាយនៅវេលាថ្ងៃត្រង់ទី៤ មករា ២០១១ នេះ ។អ្នកនាំពាក្យរដ្ឋាភិបាលក្រុងបាងកករូបនេះបានបញ្ជាក់ទៀតថា វីដេអូឃ្លីបរបស់លោកផានិត វីគីតសេត អ្នកតំណាងរាស្ត្រថៃដែលកំពុងនិយាយទូរស័ព្ទនោះពិតជាបង្ហាញថា អ្នកតំណាងរាស្ត្ររូបនេះស្ថិតនៅក្នុងទឹកដីកម្ពុជាប្រាកដមែន មុនពេលអាជ្ញាធរខ្មែរចាប់ខ្លួន។ លោកបន្តថា នៅពេលនេះរដ្ឋាភិបាលក្រុងបាងកកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសវនាការកាត់ទោសជនជា តិថៃទាំង៧នាក់ ដែលនឹងធ្វើឡើងនាពេលខាងមុខនេះ ។ គេហទំព័របាងកកប៉ុស្តិ៍ដដែលបាននិយាយទៀតថា លោកនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វ៉េចាជីវ៉ា បានទទួលស្គាល់ថា លោកពិតជាបានបញ្ជូនលោកផានិត វីគីតសេត ឱ្យមកព្រំដែនខ្មែរ-ថៃប្រាកដមែន ហើយថា គណបក្សប្រជាធិបតេយ្យរបស់លោកនឹងលើកយករបៀបវារៈនៃការចាប់ខ្លួនជនជាតិថៃទាំង៧នាក់ ដែលក្នុងនោះមានអ្នកតំណាងរាស្ត្រផានិត វីគីតសេត មកពិភាក្សានាចុងសប្តាហ៍នេះ ។លោកអាប់ភីស៊ីត បន្តថា នៅរសៀលថ្ងៃអង្គារ ទី៤ មករា ២០១១ នេះ គណបក្សប្រជាធិបតេយ្យរបស់លោកនឹងពិភាក្សាពីបញ្ហានេះ ហើយនឹងមានសមាជិកមួយចំនួននៃគណបក្សរបស់លោកមានគំរោងមកកាន់ពន្ធនាគារព្រៃ.សដើម្បីសួរសុខទុក ្ខលោកផានិត វីគីតសេត ព្រមទាំងជនជាតិថៃ៦នាក់ទៀត ។ ដោយឡែកលោកឧបនាយករដ្ឋមន្ត្រីស៊ូថេប ធឿកស៊ូបាន់ ដែលជាអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យផងនោះ បាននិយាយនៅលើគេហទំព័របាងកកប៉ុស្តិ៍ដដែលថា បញ្ហារបស់អ្នកតំណាងរាស្ត្រផានិត វីគីតសេត មិនមែនជាល្បែងនយោបាយរបស់ក្រុងបាងកកនោះទេ ហើយថា ក៏គ្មានពាក់ព័ន្ធនឹងក្រុមបណ្តាញអ្នកស្នេហាជាតិដែលកំពុងតវ៉ានៅខេត្តស្រះកែវនោះដែរ ។ បញ្ហានេះនឹងត្រូវដោះស្រាយតាមរយៈការចរចាជាមួយកម្ពុជា ដោយគ្មានការជ្រៀតជ្រែកពីប្រទេសដទៃក្នុងសមាគមអាស៊ាន ៕