ព័ត៌មានក្នុងស្រុក ៖ គួរបញ្ជាក់ផងដែរថា នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ដែលនឹងប្រព្រឹត្តិទៅ នាទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជានោះ បើយើងងាកក្រឡេកទៅមើលបញ្ហាសន្តិសុខវិញ ត្រូវបានរកអោយឃើញថា ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង ដែលនៅក្នុងនោះ អាជ្ញាធរជាតិ ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សាសុខសុវត្ថិភាពនោះ បានប្រើប្រាស់កងកម្លាំងចម្រុះជាច្រើននាក់ ដោយបានដាក់ពង្រាយពាសពេញរាជធានីភ្នំពេញ ដើម្បីការពារសន្តិសុខក្នុងនោះរួមមាន កងរាជអាវុធហត្ថ នគរបាលជាតិ និងកងកម្លាំងប្រឆាំងភេរវកម្មជាដើម។

ដូច្នេះ កាលដែលកងកម្លាំងរក្សាជាច្រើនត្រូវបានដាក់ពង្រាយហើយនោះ បើយើងងាកក្រឡេកទៅមើលអំពើឧក្រិដ្ឋកម្មវិញ វាទំនងជាមិនអាចកើតមានឡើងនោះទេ ក៏ដោយសារតែពួកអគតិដែលចេញប្រតិបត្តិការនោះ ខ្លាចរអាជាមួយនឹងកងកម្លាំងរក្សាសន្តិសុខ។

ទន្ទឹមនឹងនេះ បើយោងតាមសម្តីប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា វាគឺជាការប្រសើរណាស់ ដែលអាជ្ញាធរមានសមត្ថកិច្ចបានចេញនូវយុទ្ធនាការ ក៏ដូចជាប្រតិបត្តិការបង្រាបអំពើអសន្តិសុខនៅក្នុងសង្គម ស្របពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន តែមតិប្រជាពលរដ្ឋដដែលនេះ បានបន្ថែមថា បើសិនណា នៅក្នុងអំឡុងថ្ងៃធម្មតា ពោលគឺ មុននិងក្រោយកិច្ចប្រជុំកំពូលអាស៊ាន មានការដាក់ពង្រាយកងកម្លាំងរក្សាសន្តិសុខបែបនេះនោះ វារឹតតែប្រសើរ ក៏ព្រោះតែសន្តិសុខ នៅក្នុងប្រទេសត្រូវបានរក្សាជាប់ជានិច្ច បើទោះជាមិនមានកិច្ចប្រជុំណាមួយនោះទេ ដែលជាហេតុធ្វើអោយសន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋទូទៅ ក៏ដូចភ្ញៀវជាតិ និង អន្តរជាតិ ទទួលបានពេញលេញ ដោយជៀសវាងបាននូវការប្រព្រឹត្តិបទល្មើសឧក្រិដ្ឋផ្សេងៗជាយថាហេតុ៕
ដោយ ៖ រិទ្ធី