ប្រធានាធិបតីប្រទេសយេម៉ែន លោក Abd-Rabbu Mansour Hadi កាលពីម្សិលមិញបានប្រកាសចុះចេញពីតំណែង បណ្ដាលឱ្យប្រទេស កាន់តែធ្លាក់ទៅក្នុងភាពវឹកវរ នាំឱ្យអាមេរិក ត្រូវដកបុគ្គលិកការទូតរបស់ខ្លួន ចេញពីទីក្រុង Sanna ។

/

ប្រធានាធិបតី​យេម៉ែន លោក Abd-Rabbu Mansour Hadi សុខ​ចិត្ត​ចុះ​ចេញ​ពី​តំណែង

ទំព័រ Reuters ដកស្រង់សម្ដីរបស់អ្នកនាំពាក្យរដ្ឋាភិបាល យេម៉ែន ដែលនិយាយអំពីលិខិតរដ្ឋាភិបាល ផ្ញើទៅកាន់សាធារណជន ឱ្យដឹងថា “យើងខ្ញុំសូមអភ័យទោសចំពោះប្រទេសជាមិត្ត សភា និងប្រជាជន យេម៉ែន បន្ទាប់ពីយើងបានដើរដល់ទីបញ្ចប់”។ លិខិតនេះ ត្រូវបានផ្ញើជូនប្រធានសភា ដែលជាអ្នកត្រូវដឹកនាំប្រទេសបណ្ដោះអាសន្នរបស់យេម៉ែន ទៅតាមរដ្ឋធម្មនុញ។

Sultan al-Atwani ដែលជាទីប្រឹក្សាម្នាក់របស់ប្រធានាធិតី Abd-Rabbu Mansour Hadi បង្ហើបឱ្យដឹងថា លោកចុះចេញពីតំណែង ព្រោះតែសម្ពាធ និងការគំរាមពីចលនាបះបោរ Houthi ។ រដ្ឋសភាយេម៉ែន នឹងបើកកិច្ចប្រជុំនៅថ្ងៃស្អែក ដើម្បីធ្វើការសម្រេចចិត្តថា តើត្រូវទទួលយក ឬបដិសេធ សំណើរលាលែងពីតំណែងរបស់លោក Abd-Rabbu Mansour Hadi។

/

ក្រុម​បោះបោរ Houthi នៅយេម៉ែន

ការប្រការចុះចេញពីតំណែងរបស់ប្រធានាធិតី បានធ្វើឱ្យប្រទេសដែលមានប្រជាជន ២៥លាននាក់នៅលើឧបទ្វីប Arab នេះ មានការភ្ញាក់ផ្អើល។ ការសម្រេចរបស់លោកប្រធានាធិបតី ត្រូវបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ដ្រីយេម៉ែន បានដាក់ពាក្យសុំលាលែងពីតំណែង ព្រោះតែមិនចង់ធ្លាក់ទៅក្នុងអ្វីដែលគេហៅថា “ផ្លូវវង្វេងនៃនយោបាយដែលខ្វះសហការណ៍”។

ក្រុង Washington កាលពីម្សិលមិញ ក៏បានចេញសេចក្ដីប្រកាសថា នឹងដកបុគ្គលិកការទូតអាមេរិក ចេញពីក្រុង Sanaa ដោយសារស្ថានភាពសន្តិសុខនៅទីនេះ មានភាពអាក្រក់ឡើងៗ ប៉ុន្ដែ មិនទាន់មានគម្រោងបិទទ្វារស្ថានទូតអាមេរិក នៅយេម៉ែន នៅឡើាយ។

ប៉ុន្មានខែកន្លងមកនេះ អាមេរិក បានដកបុគ្គលិកស្ថានទូតរបស់ខ្លួនជាច្រើន ចេញពីប្រទេសយេម៉ែន ទុកតែបុគ្គលិកសំខាន់ៗ នេះបើតាមសម្ដីរបស់មន្ដ្រីម្នាក់នៃក្រសួងការបរទេសអាមេរិក។ មន្ដ្រីរូបនេះ បន្តថា បុគ្គលិកស្ថានទូតអាមេរិកនៅយេមែន នៅតែបំពេញការងារ ប៉ុន្ដែ ពួកគេក៏នឹងតាមដានសភាពការជាក់ស្ដែង។

/

ទាហាន​របស់​ក្រុម Houthi ពាក់​ឯកសណ្ឋានយោធា ឈរ​យាម​នៅ​តាម​ដង​ផ្លូវដែលឆ្ពោះ​ទៅ​កាន់​វិមាន​ប្រធានាធិបតី

រដ្ឋាភិបាលរបស់លោក Barack Obama មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលប្រធានាធិបតីយេម៉េន សម្រេចចិត្តចុះចេញពីតំណែង ព្រោះថា ប្រទេសនេះ គឺជាសម្ព័ន្ធមិត្តសំខាន់មួយរបស់អាមេរិក។ ប្រទេសយេម៉េន ធ្លាប់បានគាំទ្រអាមេរិក ក្នុងការវាយប្រហារតាមអាកាស និងសកម្មភាពរបស់កងកម្លាំងពិសេសអាមេរិក ប្រឆាំងនឹងក្រុមភេរវកម្ម al-Qaeda។

អាមេរិកកំពុងតែព្រួយបារម្ភចំពោះក្រុម al-Qaeda នៅឧបទ្វីប Arab (AQAP) ដែលអាចនឹងឆ្លៀតឱកាសអំឡុងពេលយេម៉ែន ធ្លាក់ក្នុងភាពវឹកវរ ដើម្បីវាយប្រហារទៅលើផលប្រយោជន៍របស់លោកខាងលិខ។ គួររំលឹកថា AQAP ធ្លាប់បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារសម្លាប់មនុស្ស នៅក្រុងបារីស ប្រទេសបារាំង កាលពីដើមខែមករា។

/

អាមេរិក កំពុង​តែ​បាត់​បង់​មូលដ្ឋាន​នៅ​យេម៉ែន បណ្ដាល​ឱ្យ​ការ​ប្រឆាំង​ភេរវកម្ម​ក្នុង​តំបន់​នេះ ជួប​ឧបសគ្គ

អតីតមន្ដ្រីអាមេរិកម្នាក់ និយាយថា ព្រឹត្តិការណ៍នៅយេម៉ែន នឹងប៉ះពាល់ខ្លាំងដល់បេសកកម្មវាយប្រហារតាមអាការ និងយុទ្ធនាការប្រឆាំងនឹងក្រុមភេរវកម្មរបស់ក្រុង Washington ព្រោះថា ប្រសិនបានកាន់កាប់រដ្ឋាភិបាល ក្រុម Houthi នឹងស្នើឱ្យបញ្ឈប់សកម្មភាព។ មន្ដ្រីផ្សេងៗទៀត យល់ថា បើទោះជា Houthi ចង់កាន់កាប់អំណាចបន្ថែម ប៉ុន្ដែ ចលនានេះ ប្រហែលមិនចង់ទទួលខុសត្រូវ ក្នុងការ គ្រប់គ្រងប្រទេសមួយដែលត្រូវបានបែកបាក់នោះដែរ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ businessinsider