ភ្នំពេញៈសមត្ថកិច្ច កងរាជអាវុធហត្ថ ខណ្ឌចំការមន បានចុះអន្តរាគមន៍ឃាត់ខ្លួន ក្រុមមន្រ្តីយោធា ២នាក់ និងដកហូតបាន កាំភ្លើងខ្លីម៉ាកK ៥៩បាន ២ដើម ខណៈដែលពួកគេ ចូលមកផឹកស៊ី ក្នុងហាងយីហោ កុលាបបូកគោ ហើយស្រវឹង បានបន្លំស្ទាបគូទនារីម្នាក់ ដែលមានគូរដណ្ដឹង របស់នាង នៅក្បែរនោះដែរ បណ្តាលឲ្យមានជម្លោះ ផ្អើលអស់ភ្ញៀវ ក្នុងហាង ។
សមត្ថកិច្ច បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១១ នឹង ១០ នាទីយប់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៣ នៅចំណុចផ្លូវលេខ ៩៥ ក្នុងសង្កាត់បឹងកេងកង ៣ ខណ្ឌចំការមននៅក្នុងហាង យីហោ កុលាបបូកគោ ។
យោងតាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុមានបុរស២ នាក់ត្រូវបានគេស្គាល់ថា ទាហានក្រុមឆ័ត្រយោង ស្លៀកពាក់ស៊ីវិលនឹងមានកាំភ្លើងខ្លីម្នាក់មួយដើមជាប់ខ្លូនទៀត រួច បានចូលទៅផឹកស៊ី ក្នុងហាងយីហោ កុលាបបូកគោ ជាមួយគ្នា រហូតពេលផឹកស៊ីស្រវឹងជោគខ្លួន បានឡូឡា ពេញហាង ខណៈនោះ កើតអារម្មណ៍ បានយកដៃទៅលុកលាន់ ស្ទាបគូទនារីម្នាក់ ជាភ្ញៀវដែលចូលមកបរិភោគ អាហារក្នុង ហាងខាងលើនេះ ដោយស្មានថា ជានារីបម្រើការក្នុងហាង ភ្លាមៗក៏ត្រូវនារីខាងលើនេះស្រែកឆោម ឡោ ធ្វើឲ្យផ្អើល ដល់ភ្ញៀវដទៃទេ នឹង នារីម្នាក់នោះបានដើរ ទៅប្រាប់គូរដណ្ដឹងរបស់ខ្លួន បណ្តាលឲ្យបុរសគូរ ដណ្តឹងរបស់នារី ខាងលើនេះទ្រាំមិនបាន ក៏សម្រេចដើរទៅសួរ ភាគីជាទាហ៊ានឆត្រ័យោង ។ ពេលនេះបណ្តាលឲ្យមានការទាល់ពាក្យសម្តីគ្នាក្នុងហាង ផ្អើលដល់ថៅកែហាងមកជួយអន្តរាគមន៍ សម្របសម្រួលរវាងភាគីទាំង ២ ប៉ុន្តែ ដោយសារក្រុមទាហាន ខាងលើនេះ និយាយពាក្យ មិនសមរម្យ ជាមួយភាគីនារីរងគ្រោះ ថៅកែហាងក៏បាន ហៅសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌ ចំការមន ចុះមកអន្តរាគមន៍ឃាត់ខ្លួន ក្រុមទាហាន ២ នាក់ និងដកហូតយក កាំភ្លើងខ្លី របស់ពួកគេចំនួន ២ ដើម យកទៅកាន់ ទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីបន្តធ្វើការ សាកសួរ ។
សមត្ថកិច្ចបានឲ្យដឹងថា ទាហាន ២ នាក់ខាងលើនេះ ទី១ ឈ្មោះចាងភីអ៊ីវ ជាទាហ៊ានឆត្រ័យោងលេខ៩១១ និង ទី ២ ឈ្មោះស៊ិន វុទ្ធី ជាទាហ៊ានឆត្រ័យោងលេខ៩១១ដូចគ្នា ចំណែកនារីរងគ្រោះមិនត្រូវបាន ស្គាល់ អត្តសញ្ញាណនោះទេ ។ បច្ចុប្បន្ននារីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅទីបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌចំការមន ពីបទបៀតបៀន កេរ្តិ៍ខ្មាស់ របស់នាងទាំងកណ្តាលហ្វូងមនុស្ស ក្នុងហាងកុលាបបូកគោ។ ដូច្នេះ ទាហានទាំង ២ នាក់នេះត្រូវបានសមត្ថកិច្ច សម្រេចខ្លួនបណ្តោះអាសន្នរង់ចាំ ដោះស្រាយទៅតាមផ្លូវច្បាប់។
ទង្វើរបស់ក្រុមកងរាជអាវុធហត្ថខាងលើ ត្រូវបានមហាជនជាច្រើន បាននិយាយរិះគន់យ៉ាងខ្លាំង ដោយពួកគេជាទាហាន មានកាំភ្លើងប្រើ មិនគួរណាមកប្រព្រឹត្ត សកម្មភាពមើលងាយនារីៗ បែបនេះទេ បើទោះបីជាពួកគេច្រឡំ នារីរងគ្រោះ ខាងលើ ជានារីបម្រើក្នុងហាងក្តី បើសិនជានារីបម្រើការ ក្នុងហាងពួកគេប្រហែលជា មិនត្រឹមស្ទាបគូទពីក្រោយ នោះទេ ទំនងជាធ្វើអ្វីៗដែលលើសលប់ជាងនេះទៅទៀតហើយមើលទៅ។ ដូច្នេះប្រជាពលរដ្ឋ បានសំណូមពរ ទៅសមត្ថកិច្ច កងរាជអាវុធហត្ថ មេត្តាជួយស្រាវជ្រាវ នឹងផ្តន្ទាទោស រួមទាំងអប់ រំទាហានអត់គំនិតទាំង ២ នាក់នេះផង កុំឲ្យអាងខ្លួន មានអំណាចមកធ្វើអ្វីៗស្រែកតែចិត្តចងនោះទេ ។ ប្រទេសមានច្បាប់ មនុស្សគ្រប់គ្នា មានចំណេះ ដូច្នេះត្រូវចូលរួម គោរពច្បាប់ នឹងគោរពសិទ្ធិគ្នាទៅវិញទៅមក កុំប្រព្រឹត្តទង្វើថោកទាប ដូចករណីខាងលើនេះឲ្យសោះ៕







ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល