ទូរទស្សន៍ជាតិអ៊ីរ៉ាក់ IRAQIA រាយការណ៍ថា នាយករដ្ឋមន្ត្រីស៊ីរី លោកមូហាម៉ាដ ណាជីអ៊ូទ្រី បានទៅដល់ទីក្រុងបាដាដកាលពីថ្ងៃទី១៥ មករា ដើម្បីជួបពិភាក្សាជាមួយបណ្តាមេដឹកនាំអ៊ីរ៉ាក់។#ទូរទស្សន៍នេះរាយការណ៍ថា នាយករដ្ឋមន្ត្រីស៊ីរី លោកមូហាម៉ាដ ណាជីអ៊ូទ្រី បានទៅកាន់ទីក្រុងបាដាដដើម្បីបំពេញទស្សនកិច្ចផ្លូវការមួយសំដៅពិភាក្សាពីទំនាក់ទំនងរវាង ក្រុងបាដាដ និងក្រុងដាម៉ាស់ ហើយលោកជាប្រមុខគណៈប្រតិភូផ្លូវការស៊ីរី ត្រូវជួបជាពិសេសជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោកនូរីអាល់ ម៉ាលីគី។ #សភាអ៊ីរ៉ាក់បានអនុម័តកាលពីថ្ងៃទី២១ ធ្នូ កន្លងមកនេះលើការបង្កើតរដ្ឋាភិបាលរបស់លោកម៉ាលីគី គឺជាង៩ខែក្រោយការបោះឆ្នោតសភាក្នុងប្រទេសមក។ នាយករដ្ឋមន្ត្រីស៊ីរីស្ថិតក្នុងចំណោមមេដឹកនាំអារ៉ាប់ដំបូងគេដែលទៅកាន់អ៊ីរ៉ាក់ចាប់តាំង ពីការបង្កើតបានរដ្ឋាភិបាលថ្មីនោះមក។#ក្រោយការផ្តួលរំលំរបបសាដាម ហ៊ូសេន មេដឹកនាំរបបបាអាស់ និយមអ៊ីរ៉ាក់ជាច្រើននាក់បានរត់ទៅកាន់ស៊ីរីដែលផ្តល់ដល់ពួកគេនូវលទ្ធភាពបន្តសកម្មភាព នយោបាយ៕