បាងកក៖ អាជ្ញាធរថៃ បានកំណត់មុខសញ្ញា ពួកហេកឃ័រ វិបសាយ ជេរប្រមាថនាយករដ្ឋមន្រ្តី យីងឡាក់ ខណៈនេះសមត្ថកិច្ចកំពុង ប្រមូលភស្តុតាង និងត្រៀមចេញដីកា ចាប់ខ្លួនជនល្មើស។

គេហទំព័រ INN របស់ថៃ នៅថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ ឧសភា ឆ្នាំ ២០១៣នេះ បានឲ្យដឹងថា ឧត្តមសេនីយ៍ ភិស៊ីត ប៉ោអ៊ីន មេបញ្ជាការប្រឆាំង ឧក្រិដ្ឋកម្មបច្ចេកវិទ្យា បានថ្លែងថា បន្ទាប់ពីមានករណី ក្រុមពួកហេកឃ័រ គេហទំព័ររបស់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តី ដោយបានសរសេរ ពាក្យជេរប្រមាថ លើលក្ខណៈសម្បតិ្ត និង ការដឹកនាំរបស់លោកស្រី យ៉ាងធ្ងន់ធ្ងរ។

បច្ចុប្បន្ន អង្គភាព បានចាត់តាំងក្រុមស៊ើបអង្កេតពិសេស រូមសហការជាមួយក្រសួង ទំនាក់ទំនងព័ត៌មានវិទ្យា ដើម្បីស្វែងរកទីតាំង ប្រព្រឹតិ្តបទល្មើស របស់ក្រុមហេកឃ័រ។ តាមប្រភពព័ត៌មានចុងក្រោយ ក្រុមភ្នាក់ងារស៊ើបអង្កេត បានកំណត់ មុខសញ្ញាជនល្មើសបានហើយ ប៉ុន្តែខាងសមត្ថកិច្ចបង្ហាញ ពីព័ត៌មានលម្អិតនោះទេ ព្រោះខណៈនេះក្រុមអ្នកជំនាញ កំពុងប្រមូលភស្តុតាងបន្ថែមដើម្បីចេញដីកាចាប់ខ្លួនជនល្មើស។

លោក ភីស៊ីត បានបញ្ជាក់ថា ករណីខាងលើ ជនល្មើសអាចនឹងត្រូវផ្ទន្ទាទោស ជាប់ពន្ធនាគារ មិនលើសពី ៦ខែ ឬ ពិន័យជាប្រាក់ មិនលើសពី ១ម៉ឺនបាត ឬទាំងជាប់ពន្ធនាគារ និង ពិន័យតាមមាត្រា៧ នៃក្រមព្រហ្មទណរបស់ថៃ ៕

width=500

ឧត្តមសេនីយ៍ ភិស៊ីត ប៉ោអ៊ីន

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល