ភ្នំពេញ ៖ បុរសម្នាក់ មានមុខរបរជាជាងសំណង់ផង និងឆ្លៀត ប្រកបរបររត់ម៉ូតូឌុបផងនោះ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ តែមានប្រពន្ធ ខ្វះភាពជា ឧមត្តភរិយានោះ បានជេរដៀលមកលើប្តីថា មិនចេះធ្វើការរកស៊ី និងក្រីក្រទៅវិញ ។ ជាហេតុធ្វើឲ្យបុរសជាប្តី បានដាច់ចិត្តជិះម៉ូតូមកលោតទឹក ធ្វើ អត្តឃាត លើស្ពានព្រះមុនីវង្សថ្មី តែត្រូវសមត្ថកិច្ចជួយទាន់ ។
ហេតុការណ៍នេះ កើតឡើង នៅចំណុចលើស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១និង០០នាទីយប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ។ បុរសដែលយកកិត្តិយស ជាបុរសដើមទ្រូង៥ហត្ថ តែប៉ុនប៉ុងធ្វើអត្តឃាតខ្លួន ព្រោះត្រូវស្រ្តីជាប្រពន្ធយក ស្បែកជើងវាយក្បាល និងជេរដៀលត្មះនេះ មាន ឈ្មោះ ភ័ក្រ អាយុ ២២ឆ្នាំ ស្នាក់នៅម្ដុំវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ មុខរបរ ជាជាងសំណង់ និងរត់ម៉ូតូ។ នាយនគរបាលប៉ុស្តិ៍ច្បារ អំពៅទី១ លោក ហ៊ុន សុផល បានឲ្យដឹងថា បុរសដែលប៉ុនប៉ង លោតទឹកសម្លាប់ខ្លួន ហើយត្រូវបានសមត្ថកិច្ច ជួយឃាត់ ទាន់ពេលវេលានេះ បានធ្វើដំណើរ តាមបណ្ដោយ ផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីលិចទៅកើត លុះមកដល់លើស្ពានព្រះមុនីវង្សថ្មី បានចុះពីលើម៉ូតូ ហើយឡើងបង្កាន់ដៃស្ពាន បំណងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ដោយសារសមត្ថកិច្ចជួយទាន់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកទៅទីស្នាក់ការ ប៉ុស្តិ៍នគរបាលច្បារអំពៅទី១ ដើម្បីសួរនាំបុរសនោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគេមានប្រពន្ធម្នាក់ ឈ្មោះ ភាព ដោយប្រពន្ធបានដៀលខ្លួនក្រ និងថា មិនចេះរកស៊ី ហើយប្រពន្ធបានយកស្បែកជើងវាយក្បាល ទើបរូបគេ សម្រេចចិត្ដជិះម៉ូតូ មកលោតទឹកស្ពានព្រះមុនីវង្សថ្មីតែម្ដងទៅ ៕



ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល