ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣នាក់ដែល រកស៊ីលក់នំប៉័ង និងកម្មករកាត់ដេរប្រហែល ជារកលុយមិនសូវបាន សម្រាប់ជីវិតខ្លួន និង គ្រួសារនោះ បាននាំគ្នាបែកគំនិតទៅរកស៊ី លួចឆ្កែបន្ថែម ទីបំផុតត្រូវបានចាប់ខ្លួនយក ទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

ជនសង្ស័យទាំង ៣នាក់ ដែលជាប់ពាក់ ព័ន្ធនឹងសកម្មភាពលួចឆ្កែ ត្រូវបានកម្លាំង នគរបាលខណ្ឌសែនសុខ និងកម្លាំងនគរបាល មូលដ្ឋានបានឃាត់ខ្លួនកាលពីវេលាម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៣ ក្រោយពីពួកគេបានលួចឆ្កែនៅក្នុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ សម ខួច ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ក្រុមទី៤ ផ្លូវបេតុង ភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ជនសង្ស័យទី២ ឈ្មោះ យ៉ា ខេន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ លក់នំប៉័ង ស្នាក់នៅផ្ទះជួល ក្រុមទី ៤ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញ ថ្មី និងជនសង្ស័យទី៣ ឈ្មោះ សូត្រ សេត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ លក់នំប៉័ង ស្នាក់នៅផ្ទះជួល ក្រុមទី៤ ផ្លូវបេតុង ភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ។ ដោយឡែក ជនរងគ្រោះ ដែលជាម្ចាស់ឆ្កែឈ្មោះ សឿន សៀន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ រត់ ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្រុមទី៤ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ នៅវេលាម៉ោង ១២ និង៣០នាទីយប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៣ នេះ ជនសង្ស័យមានចំនួន ៤នាក់ បាននាំគ្នាផឹកស្រា នៅផ្ទះរបស់ជនសង្ស័យ ឈ្មោះ សេត ពេលនោះ បក្ខពួកជនសង្ស័យ ម្នាក់ថា ចង់ចូលទៅរាំនៅក្នុងក្លឹបតែមិន មានលុយ ។ រំពេចនោះស្រាប់តែមានឆ្កែ មួយក្បាលដើរ ក៏នាំគ្នាចាប់យកទៅលក់នៅ ម្ដុំកៅដាយបានប្រាក់ ១០ដុល្លារ រួចក៏នាំគ្នា ត្រឡប់មកវិញ ក្នុងគោលបំណងចូលស្កាយ ក្លឹប ។

សមត្ថកិច្ចបានបន្ដទៀតថា នៅពេល ដែលពួកគេចូលរាំនៅក្នុងក្លឹប ក្រោយពីលក់ ឆ្កែបានលុយចំនួន ១០ដុល្លារនោះ ស្រាប់តែ  សំណាងអាក្រក់ ក៏បានជួបម្ចាស់ឆ្កែនៅក្នុង ក្លឹប ។ពេលនោះម្ចាស់ឆ្កែបានសួរទៅឈ្មោះ ខួច ហើយក៏ត្រូវឈ្មោះ ខួច ប្រាប់ថា ពួកគេ យកឆ្កែទៅលក់នៅម្ដុំកៅដាយ ស្រាប់តែជនរងគ្រោះដែលជាម្ចាស់ឆ្កែ បានឱ្យក្រុម ជនសង្ស័យនាំទៅយកឆ្កែវិញ ហើយប្ដឹងទៅ សមត្ថកិច្ច ចុះមកឃាត់ខ្លួនភ្លាមៗ ខណៈដែលជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ ។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។

សមត្ថកិច្ចបានឱ្យដឹងថា វត្ថុតាងដែល ត្រូវបានរឹបអូស រួមមាន ខ្សែលួសប្រវែង ២ ម៉ែត្រ និងម៉ូតូសង់កូរ៉េ ១គ្រឿង ដោយឡែក ឆ្កែរបស់ជនរងគ្រោះ បានងាប់បាត់ទៅហើយ ៕

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល