ក្នុង​ការធ្វើ​​​បាតុ​កម្មតវ៉ា​២​ថ្ងៃ​ជាប់ៗគ្នា​ប៉ូលិស​​រុស្ស៊ី​ កាលពីថ្ងៃទី៤ មករា បានចាប់ខ្លួនពួកបាតុ​ករ​ដែលតវ៉ា​ប្រឆាំង​នឹងការឃុំ​ខ្លួន​លោកបូរីស​ណេមសូវ ជាមេ​ដឹកនាំ​​ប្រឆាំង​រុស្ស៊ី​មួយរូប ។# យោង​តាម​ប៉ូលិសថា មនុស្ស៣៥​នាក់​ត្រូវ​ចាប់​ខ្លួន​ កាលពីថ្ងៃទី៤ មករា ​ពីបទប៉ុន​ប៉ង​​ធ្វើ​បាតុ​កម្ម​មួយ​ដែល​គ្មានការ​អនុញ្ញាត​ ។ អ្នក​នាំ​ពាក្យ​​របស់ចលនា​​សាមគ្គី​ភាព​ជា​ក្រុម​ចំរុះ​ប្រឆាំង​មួយ លោក​ស្រី​អូលហ្គា ចូរីណា បញ្ជាក់ប្រាប់​ទីភ្នាក់​ងារ​ព័ត៌​​​មាន​រុស្ស៊ី​ INTERFAX ថា ​មនុស្ស​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​នេះត្រូវ​បានដោះ​លែង​វិញក្រោយ​ឃុំខ្លួន៣ម៉ោង ។# ពួកបាតុ​ករ​មានបំណង​បរិហារ​ចំពោះ​ការ​​ដាក់​គុក​លោកបូរីស ណេមសូវ ១៥​ថ្ងៃ ក្រោយ​ពី​ការចាប់​ខ្លួន​លោក​ជា​មួយ​នឹង​មនុស្ស​៦០​នាក់​ទៀត​ក្នុង​ឱកាស​នៃការ​ប្រមូលផ្តុំ​មនុស្ស​កាលពី​យ ប់​ថ្ងៃទី៣១ ធ្នូ កន្លងមកនេះ ។ កាលពី​ថ្ងៃទី៣ មករា មនុស្ស​១៤នាក់​ដែល​តវ៉ាប្រឆាំង​នឹង​ការឃុំ​ខ្លួនលោកណេម​សូវ ត្រូវ​បានចាប់ខ្លួន​រួចហើយ​ដោយ​ប៉ូលិស​ឃុំខ្លួនពួកគេ​ជាច្រើនម៉ោង ៕