ភ្នំពេញ៖ គូស្នេហ៍មួយគូ ទៅអង្គុយនេបនិត្យគ្នា នៅលើស្ពាន៧មករា ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ត្រូវក្រុមចោរប្រដាប់អាវុធមួយក្រុម ជិះម៉ូតូស៊េរីទំនើប ២គ្រឿង មកវាយប្លន់យកម៉ូតូពីគូស្នេហ៍ ដែលកំពុងសាសងគ្នា កាលពីវេលាម៉ោង១៩និង០០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៣ ដែលបណ្តាលឲ្យយុវជនម្នាក់ ត្រូវរងរបួសបែកក្បាល។

ជុំវិញករណី វាយប្លន់យកម៉ូតូខាងលើនេះ សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញ គូស្នេហ៍មួយគូ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊េរី១២៥ ពណ៌ខ្មៅ ពាក់ស្លាលេខ ភ្នំពេញ 1AX-5604 មកឈប់នៅលើស្ពាន៧មករា ដើម្បីអង្គុយសាសងស្នេហាជាមួយគ្នាខណៈនោះស្រាប់តែមានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូស៊េរីទំនើប មិនស្គាល់ម៉ាក២គ្រឿង មកឈប់ជិតគូរស្នេហ៍ខាងលើ ហើយបានធ្វើសកម្មភាពយកកាំភ្លើងខ្លី វាយបំបែក ក្បាលយុវជន ដែលជាម្ចាស់ម៉ូតូ បណ្តាលឲ្យរងរបួសហូរឈាមស្រោចខ្លួន ហើយជនសង្ស័យ បានដណ្តើមយកម៉ូតូពីយុវជនរូបនោះ ជិះរត់គេច ខ្លួនបាត់ដោយសុវត្ថិភាព។ ចំណែកឯគូស្នេហ៍ ក្រោយពីកើតហេតុ បានត្រឹមតែអង្គុយសម្រក់ទឹកភ្នែកស្តាយម៉ូតូ។

ភា្លមៗនោះ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅពិនិត្យនិងសាកសួរជនរងគ្រោះ ដើម្បីកំណត់មុខសញ្ញា តាមចាប់ជនសង្ស័យយកមក ផ្តន្ទាទោសតាមផ្លូវច្បាប់៕    

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល