កោះកុងៈ គ្រោះថ្នាក់ចរាចរមួយ បានកើតឡើង គួរឱ្យរន្ធត់ ដោយរថយន្ដដឹកផ្លែឈើនោះ ហោះពីលើចុងឈើ ធ្លាក់ចូលជ្រោះ ជម្រៅប្រហែល ៥០ ម៉ែត្រ ធ្វើឱ្យមនុស្សស្លាប់ ៣នាក់ ចំណែករថយន្ដ ខ្ទេចស្ទើរទាំងស្រុង ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១១ និង ២៥ នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៣ ដែលស្ថិតនៅចំណុច ខាងលិចស្ពានតាតៃ ឃុំតាតៃ ស្រុកកោះកុង ខេត្ដកោះកុង តាមបណ្ដោយផ្លូវជាតិលេខ ៤៨ ។ រថយន្ដដែលធ្លាក់ជ្រោះនោះ ជាប្រភេទរថយន្ដកូរ៉េ ២តោន កន្លះពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2G 8590 ដែលផ្ទុកផ្លែឈើពេញ ។ ចំណែកឯ ជនរង គ្រោះទាំង ៣ នាក់ ដែលបានបាត់បង់ជីវិតនោះ មានឈ្មោះ ចាន់ ដារារិទ្ធិ ហៅ តួ ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅ ភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង-ឈ្មោះ វ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅ ភូមិឃុំជាមួយគ្នា ចំណែកជនរងគ្រោះម្នាក់ទៀត ពុំស្គាល់ឈ្មោះ។
លោក ស៊ុន ឃៀម អធិការនគរបាល ស្រុកកោះកុង បានឱ្យភ្នាក់ងារ ដើមអម្ពិលដឹង នៅព្រឹក ថ្ងៃទី២២ ខែមេសា នេះថា រថយន្ដដែលគ្រោះថ្នាក់ ខាងលើ នេះ គឺបើកបរដោយឈ្មោះ ចាន់ ដារារិទ្ធិ ហៅ តួ ដឹកផ្លែឈើពីកោះកុងទៅភ្នំពេញ ហើយបើកបរក្នុងល្បឿនលឿន ហើយពេលមកដល់ត្រង់ចំណុចនោះ ផ្លូវកោង ចុះចំណោទទៀត ចាប់ហ្រ្វាំងមិនទាន់ ក៏ហោះពីចុងឈើចូលជ្រោះតែម្ដងហើយមនុស្សដែលនៅក្នុងកាបីនទាំង ៣ នាក់ ស្លាប់ទាំងអស់ ចំណែក រថយន្ដត្រូវខ្ទេចបាសជើងឡើងលើ ។
លោកអធិការបានបន្ដថា ចំណែកជនរងគ្រោះទាំង ៣ នាក់ សមត្ថកិច្ចលោកកំពុងយកអេស្កាទ័រកាយ ដើម្បីយកសពចេញពីក្នុងរថយន្ដ ។
ជាចុងក្រោយ លោកសូមអំពាវនាវ ដល់អ្នកបើកបរទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន កុំបើកបរក្នុងល្បឿនលឿន ហួសកំណត់ ហើយឱ្យមាន ការប្រុងប្រយ័ត្នជានិច្ច មុនពេលបើកបរ ពីព្រោះផ្លូវជាតិលេខ ៤៨ នេះ មានចំណោទច្រើន មានផ្លូវបទច្រើន ត្រូវតែប្រុងប្រយ័ត្ន ទាំងអស់គ្នា ៕
![src=http://image.dap-news.com:81/dap-news/dap-images/2013/April/id-015/T-0500.jpg width=500]()



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល