ភ្នំពេញ៖ និស្សិតម្នាក់ បានជិះម៉ូតូ វីវ៉ាមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-0399 ធ្វើដំណើរចេញពីផ្ទះបំណងទៅសាលា ត្រូវក្រុមចោរប្លន់ប្រដាប់អាវុធ ដែលមានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើង ខ្លី មួយដើម ជិះម៉ូតូស៊េរី ទំនើបមួយគ្រឿងឌុបគ្នា មកស្ទាក់ធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូពី យុវជនខាង លើបានសម្រេច រួចរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ជិតវិទ្យាល័យពងទឹក ក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។

នគរបាលប៉ុស្តិ៍ ពងទឹក បានឲ្យដឹងថា យុវជនរងគ្រោះ ខាងលើនេះ មានឈ្មោះ ឯម សារ៉ាត់ អាយុ២៣ឆ្នាំ ស្នាក់នៅផ្លូវលំ ភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌពោធិ៍ សែនជ័យ ។ នៅមុនពេលកើតហេតុ យុវជនរង គ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាក វីវ៉ា ចេញពីផ្ទះបំណងទៅសាលានៅឯភ្នំពេញ ប៉ុន្តែខណៈជិះមក ដល់ ចំណុច កើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ចំនួន៣នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយ កាំភ្លើង ខ្លីមួយដើម ជិះម៉ូតូសេ១២៥ ស៊េរី២០០៨ មិនចាំស្លាកលេខ មួយគ្រឿង ឌុបគ្នាមក ឈប់ក្បែរយុវជន រង គ្រោះ ហើយជនសង្ស័យម្នាក់ បានចុះពីលើម៉ូតូដកកាំភ្លើងខ្លីពីចង្កេះ ភ្ជង់ឈ្មោះ ឯម សារ៉ាត់ គំរាមមិន ឲ្យ ស្រែក បើសិនជាស្រែកគេនឹងបាញ់សម្លាប់ចោល ហើយជនសង្ស័យម្នាក់ទៀត បានដណ្តើមយកម៉ូតូវីវ៉ា របស់យុវជនរងគ្រោះ ឡើងជិះរត់គេចខ្លួនបាត់ស្រមោល ចំណែកឯជនសង្ស័យពីរនាក់ផ្សេងទៀត ក្រោយ ពីធ្វើសកម្មភាពបានសម្រេច ពួកគេក៏ឡើងជិះម៉ូតូរត់គេចខ្លួនចូលទៅក្នុងរាជធានីភ្នំពេញ បាត់ភ្លាមៗតែម្តង ។

ប្រភពដដែលបានបន្តថា ក្រោយកើតហេតុ ជនរងគ្រោះក៏បានទំនាក់ទំនង ទៅសាច់ញាតិឲ្យមកដឹករូបគេ យកទៅដាក់ពាក្យបណ្តឹង នៅទីស្នាក់ការនគរបាល ប៉ុស្តិ៍រដ្ឋបាលពងទឹក ដើម្បីសុំឲ្យសមត្ថកិច្ច ជួយស្រាវ ជ្រាវតាមចាប់ក្រុមជនល្មើស យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ទាក់ទិននឹងករណីប្លន់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ នៅមិនទាន់បានទទួលតំរុយអ្វីនៅឡើយទេ តែសមត្ថកិច្ច ចម្រុះកំពុង បើកកិច្ចស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុត ចំពោះករណីប្លន់ប្រដាប់អាវុធមួយនេះ ៕

width=500

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល